លោក Raul Castro រំពឹងថាប្រធានាធិបតីគុយបាថ្មី នឹងបន្តការដឹកនាំតាមគន្លងចាស់ នៃការបង្កើតបដិវត្តន៍គុយបា កាលពីឆ្នាំ១៩៥៩!
20-04-2018 09:56
(ឡាហាវ៉ាន់)៖ ប្រធានាធិបតីគុយបា ដែលបានសម្រេចចុះចេញពីអំណាច លោក រ៉ាអ៊ូល ខាស្ត្រូ (Raul Castro) បានសម្តែងពីទំនុកចិត្តយ៉ាងមុតមាំរបស់លោកថា មេដឹកនាំជំនាន់ក្រោយនៃប្រទេសដីកោះនេះ នឹងបន្តដើរតាមគន្លងផ្លូវនៃបដិវត្តន៍សង្គមនិយម ដែលត្រូវបានផ្តួចផ្តើមឡើងដោយ លោក ហ្វីឌែល ខាស្ត្រូ (Fidel Castro) កាលពីឆ្នាំ១៩៥៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។
លោក Raul Castro បានលើកឡើងថា «ការបោះឆ្នោតជ្រើសរើសលោក ឌីយ៉ាស់ ខាណែល (Diaz-Canel) ជាមេដឹកនាំថ្មីរបស់គុយបា គឺពុំមែនជារឿងចៃដន្យឡើយ ហើយយើងជឿជាក់ថា លោក Diaz-Canel នឹងទទួលបានជោគជ័យនៅក្នុងតួនាទីរបស់ខ្លួន ដោយសារតែគុណធម៌ បទពិសោធន៍ និងការប្តេជ្ញាចំពោះកាតព្វកិច្ចរបស់លោក។ ពាក់ព័ន្ធនឹងអនុប្រធានាធិបតីទីមួយថ្មីរបស់គុយបា លោក សាល់វ៉ាឌ័រ វ៉ាល់ឌែស មេសា (Salvador Valdes Mesa) វិញអតីតមេដឹកនាំគុយបា លោក Raul Castro បានថ្លែងកោតសរសើរមិនដាច់ពីមាត់ចំពោះការខិតខំប្រឹងប្រែង បំពេញកិច្ចការរបស់លោកក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
គួរជម្រាបថា សម្រាប់ប្រធានាធិបតីថ្មីរបស់គុយបា លោក Diaz-Canel វិញបានបញ្ជាក់ថា គោលនយោបាយការបរទេសគុយបា នឹងមិនមានការផ្លាស់ប្តូរឡើយ ដោយសារតែទីក្រុងឡាហាវ៉ាន់ មិនធ្វើតាមការទាមទាររបស់នរណាម្នាក់ និងមិនចរចាពីគោលការណ៍របស់ខ្លួន ឬក៏ទទួលយកការដាក់សម្ពាធណាមួយឡើយ៕