Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៊ីលមួយគ្រាប់ ហោះពីលើទីក្រុងរីយ៉ាដ ខណៈមានសម្លេងផ្ទុះរហូតដល់៣លើក

12-04-2018 00:05

(រីយ៉ាដ)៖ កងកម្លាំងការពារដែនអាកាសអារ៉ាប៊ីសាអូឌីត នៅថ្ងៃពុធនេះ បានឱ្យដឹងថា ពួកគេបានស្ទាក់ចាប់មីស៊ីលមួយគ្រាប់ដែល បាញ់តម្រង់មកកាន់ទីក្រុងរីយ៉ាដ ខណៈមានសំឡេងផ្ទុះដល់ទៅបីលើកបានកើតឡើងនៅក្នុងរដ្ឋធានីមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។

យោងតាមកងកម្លាំងការពារដែនអាកាសអារ៉ាប៊ីសាអូឌីត ក្រុមឧទ្ទាមហ៊ូទី នៅក្នុងប្រទេសយេមែន អាចជាអ្នកនៅពីក្រោយការបាញ់ មីស៊ីលនេះ ដើម្បីសងសឹកទៅនឹងក្រុមចំរុះអារ៉ាប់ ដែលកំពុងដឹកនាំការវាយប្រហារតាមផ្លូវអាកាសនៅយេមែន។ ប៉ុន្តែភ្លាមៗ ពុំទាន់ មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។

គួររំលឹកថា កាលពីខែមីនាកន្លងទៅ មនុស្សម្នាក់បានស្លាប់នៅក្នុងទីក្រុងរីយ៉ាដ ដោយសារតែគ្រាប់មីស៊ីលបាញ់ចេញពី ប្រទេសយេមែនពីសំណាក់ក្រុមឧទ្ទាមហ៊ូទី។ នេះបើតាមអាជ្ញាធរអារ៉ាប៊ីសាអូឌីត៕