Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង មុនជំនួបអន្តរកូរ៉េ

03-04-2018 22:24

(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះ បានឱ្យដឹងថារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក រី យ៉ុង ហូ (Ri Yong Ho) នៅក្នុងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។

យោងតាមក្រសួងការបរទេសចិន ថ្លែងនៅក្នុងជំនួបជាមួយលោក រី លោក វ៉ាង យី បានគូសបញ្ជាក់ថានៅអំឡុងដំណើរទស្សនកិច្ច របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មកកាន់ប្រទេសចិនកាលពីសប្ដាហ៍មុន មេដឹកនាំនៃប្រទេសទាំងពីរ បានឈានដល់ កិច្ចព្រមព្រៀងដ៏សំខាន់ពាក់ព័ន្ធនឹងការអភិវឌ្ឍទំនាក់ទំនងចិននិងកូរ៉េខាងជើង រួមទាំងការស្វែករកដំណោះស្រាយដោយសនិ្តវិធី សម្រាប់វិបត្តិនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។

បន្ថែមលើនេះ លោក វ៉ាង យី បានកត់សម្គាល់ទៀតថាទីក្រុងព្យុងយ៉ាងនិងទីក្រុងប៉េកាំង គួរតែផ្លាស់ប្ដូរការពិភាក្សារវាងមន្ត្រីគ្រប់ ជាន់ថ្នាក់ទាំងអស់ ហើយមិនតែប៉ុណ្ណោះប្រមុខការទូតចិនរូបនេះ ក៏បានបង្ហាញពីការពេញចិត្តរបស់ទីក្រុងប៉េកាំងផងដែរ ជុំវិញ
ចេតនា និងកិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង លើការលុបបំបាត់អាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកាន់ប្រទេសចិន របស់ លោក រី យ៉ុង ហូ ធ្វើឡើងនៅចំពេលកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានព្រមព្រៀងគ្នាថានឹងរៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េ នៅថ្ងៃទី២៧ ខែមេសា ខាងមុខនេះដើម្បីបន្ធូរបន្ថយភាពតានតឹង ផ្នែកយោធានៅលើឧបទ្វីបកូរ៉េ៕