លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅប្រទេសប៉ាពួញូហ្គីណេ ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC
03-04-2018 14:26
(ស៊ីដនី)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល នៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី -ប៉ាហ្វិក ឬហៅកាត់ថា (APEC) នៅក្នុងឆ្នាំ២០១៨នេះ រៀបចំឡើងនៅក្នុងទីក្រុង ផតម៉រែសបាយ (Port Moresby) ប្រទេសដែនកោះប៉ាពួញូហ្គីណេ (Papua New Guinea ឬ PNG)។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ PNG ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។
ប្រទេសប៉ាពួញូហ្គីណេ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APEC ទទួលស្វាគមន៍មេដឹកនាំ ២១រូប មកពីបណ្តាប្រទេសជុំវិញតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម នៅខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។ ជាមួយគ្នានោះ បើតាម PNG ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះដែរ ហើយមិនតែប៉ុណ្ណោះ លោកថែមទាំងបានផ្ញើលិខិត សម្ដែងមរណៈទុក្ខដល់ជនរងគ្រោះជាង ១៥០នាក់ ដែលបានបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដី កាលពីថ្ងៃទី២៦ ខែកុម្ភៈ នៅ PNG ទៀតផង។
«ក្នុងនាមរដ្ឋាភិបាល និងប្រជាជនអាមេរិក ខ្ញុំសូមសម្ដែងមរណៈទុក្ខយ៉ាងក្រៀមក្រំ ដល់ការបាត់បងអាយុជីវិតមនុស្ស និងការបំផ្លិច បំផ្លាញនៅក្នុងប្រទេសប៉ាពួញូហ្គីណេ ដោយសារតែគ្រោះរញ្ជួយដីវាយប្រហារលើតំបន់ Highlands»។ នេះបើតាមលិខិតរបស់ លោក ដូណាល់ ត្រាំ ផ្ញើជូនការិយាល័យនាយករដ្ឋមន្ត្រីប៉ាពួញូហ្គីណេ លោក ភីធើ អូណែល (Peter O'Neill)៕