ក្តៅគគុក! កងទ័ពនីហ្សេរីយ៉ា ប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាម «នាំឲ្យមនុស្សជិត ២០នាក់ស្លាប់ និង ៨៤នាក់រងរបួស...»
02-04-2018 15:42
(នីហ្សេរីយ៉ា)៖ មនុស្សយ៉ាងហោចណាស់ ១៨នាក់បានស្លាប់ និង ៨៤នាក់ទៀតរងរបួស នៅក្នុងការវាយប្រយុទ្ធគ្នាមួយរវាងក្រុម បូកូហារ៉ាម (Boko Haram) និងកងទ័ពនីហ្សេរីយ៉ា នៅក្បែរទីក្រុង ម៉ៃឌូហ្គួរី (Maiduguri) កាលពីយប់ថ្ងៃអាទិត្យ។ នេះបើតាមប្រព័ន្ធផ្សាយនៅក្នុងតំបន់ ដកស្រង់ដោយសារព័ត៌មាន I24 News នៅរសៀលថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ ផ្អែកលើការបញ្ជាក់ពី ទីភ្នាក់ងារសង្រ្គោះបន្ទាន់រដ្ឋ (SEMA) បានលើកយ៉ាងដូច្នេះថា «មកទល់នឹងពេលនេះ សាកសពមនុស្ស ១៨នាក់ ត្រូវបានគេរកឃើញនៅក្នុងភូមិចំនួនពីរ គឺ បាឡេ ស៊ូវ៉ា (Bale Shuwa) និង បាឡេ គួររ៉ា (Bale Kura) ដែលស្ថិតនៅជាយទីក្រុង Maiduguri។ ជនរងគ្រោះទាំងអស់បានស្លាប់ នៅពេលព្យាយាមរត់គេចពីការវាយប្រយុទ្ធគ្នារវាងក្រុម Boko Haram និងកងទ័ពនីហ្សេរីយ៉ា ខណៈមនុស្ស ៨៤នាក់ ក៏បានរងរបួសផងដែរ»៕