Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន និងអ៊ីរ៉ង់នំាគ្នាអបអរ រីឯអឺរ៉ុបនៅស្ងៀមមិនទាន់អបអរ ជ័យជម្នះរបស់លោក ពូទីន ឡើយ

19-03-2018 23:42

(ម៉ូស្គូ)៖ បណ្ដាមេដឹកនាំពិភពលោក នៅថ្ងៃចន្ទនេះ បានចូលរួមអបអរសាទរចំពោះជ័យជម្នះរបស់លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុង ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃអង្គារ។ ប៉ុន្តែព្រមពេលជាមួយ មេដឹកនាំអឺរ៉ុប ហាក់ដូចជានៅយឺតដើម្បី ព្រលយសារអបអរលោកពូទីន ខណៈរុស្ស៊ី និងប្រទេសលោកខាងលិច កំពុងមានភាពតាងតឹងគ្នាជុំវិញការបំពុលអតីតចារកិច្ច រុស្ស៊ីម្នាក់ នៅអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី សុទ្ធតែបានផ្ញើសារអបអរសាទរដល់ លោក ពូទីនដែលជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីសាជាថ្មី ហើយមិនតែប៉ុណ្ណោះ ពួកគេសុទ្ធតែអះអាងដូចគ្នាពីទំនាក់ទំនងល្អជាមួយ ទីក្រុងម៉ូស្គូ។ ដោយឡែក ក្រៅតែពីសម្ព័ន្ធមិត្តទាំងពីរនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ក៏បានផ្ញើសារអបអរ សាទរលោកពូទីន ផងដែរ ខណៈអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល ត្រូវបានគេរំពឹងថានឹងសម្ដែងការសាទរ ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ផ្អែកលើការរាប់សន្លឹកឆ្នោត ៩៩ភាគរយ លោក វ្ល៉ាឌីមៀ ពូទីន ទទួលបានសំឡេងគាំទ្រភ្លូកទឹកភ្លូកដីរហូតដល់ ៧៦.៦ភាគរយ ដែលនេះមានន័យថាលោកនឹងបន្តកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី ០៦ឆ្នាំទៅមុខទៀតនៃអណត្តិទី០៤ របស់លោក៕