BREAKING NEWS: លោក Stephen Hawking រូបវិទូដ៏ល្បីល្បាញ ទទួលមរណភាពហើយ!
14-03-2018 11:03
(អង់គ្លេស)៖ លោក Stephen Hawking រូបវិទូដ៏ល្បីល្បាញបំផុតជនជាតិអង់គ្លេស ដែលបានធ្វើការសិក្សាស្រាវជ្រាវ និងផ្តល់តម្លៃនៃការសិក្សាជាច្រើន ទៅលើជីវិតភពផ្សេង និងបញ្ហាពាក់ព័ន្ធនឹងប្រហោងខ្មៅនោះ ទីបំផុតបានទទួលមរណៈភាពហើយ ក្នុងអាយុ ៧៦ឆ្នាំ ក្រោយពីទទួលរងជំងឺរាប់សិបឆ្នាំមកនេះ ដោយអង្គុយលើរទេះ និងមានឧបករណ៍វេជ្ជសាស្ត្រ ជំនួយសុខភាពជាប់ជានិច្ចនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។
ព័ត៌មាននានាបានចេញផ្សាយដូចខាងលើនេះ នៅពេលបានទទួលព័ត៌មានពីក្រុមគ្រួសាររបស់លោក Stephen Hawking ផ្ទាល់។ លោក Hawking ត្រូវបានទទួលស្គាល់ទូទាំងពិភពលោកថា ជារូបវិទូដ៏ល្បីល្បាញ និងមានការសិក្សាស៊ីជម្រៅបំផុត មានដើមកំណើតនៅទីក្រុង Oxford នៃចក្រភពអង់គ្លេស ទៅលើទ្រិស្តីនៃការធ្វើដំណើរឆ្លងពេលវេលា, ការសិក្សាពាក់ព័ន្ធប្រហោងខ្មៅ (Black Hole), និងការវិភាគអំពីជិវិតអេលៀន។
ស្នាដៃចុងក្រោយបំផុត ដែលត្រូវបានផ្សព្វផ្សាយពាសពេញពិភពលោកនោះ គឺលោក Hawking បានចេញនូវសេចក្តីព្រមានមួយ ដល់ក្រុមអ្នកវិទ្យាសាស្ត្រ និងមនុស្សលើភពផែនដី ឲ្យឈប់បន្តសកម្មភាពស្វែងរកជីវិតអេលៀន ឬមនុស្សភពផ្សេងនោះទៀតទៅ ព្រោះវានឹងបង្កការគំរាមកំហែងដល់ភពផែនដី ប្រសិនបើអេលៀនទាំងនោះ មកកាន់តែផែនដីដោយចេតនាចង់ទន្ទ្រានគ្រប់គ្រង។
ជុំវិញការទទួលមរណៈភាពនេះ កូនៗរបស់លោក Hawking គឺអ្នកនាង Lucy, លោក Robert និង លោក Tim បានអះអាងថា ពួកគេពិតជាមានអារម្មណ៍ក្តុកក្តួលបំផុត ចំពោះការលាចាកលោក នៃឪពុកជាទីស្រឡាញ់បំផុតរបស់ពួកគេ។ ទោះបីជាបែបនេះក្តី ស្នាដៃ និងលទ្ធផលនៃការស្រាវជ្រាវរបស់លោក នឹងបន្តក្លាយជាវត្ថុមានតម្លៃ សម្រាប់អ្នកវិទ្យាសាស្ត្រ និងមនុស្សលើផែនដី ធ្វើការស្វែងយល់ ហើយសិក្សាបន្តទៅមុខទៀត៕