ជំនួយ ១២០តោន បានទៅជនរងគ្រោះប៉ាពួញូហ្គីណេ ក្រោយពីកើតមានរញ្ជួយដីផ្ទួនៗ «ផ្តាច់ជីវិតមនុស្សជាង ១០០នាក់» និងបង្កការបំផ្លិចបំផ្លាញជាច្រើន...
12-03-2018 16:11
(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីប៉ាពួញូហ្គីណេ លោក ភីធើ អូណែល (Peter O'Neill) បានអះអាងថា ជំនួយសរុបចំនួន ១២០តោន ត្រូវបានប្រគល់ដល់ដៃ ប្រជាជនក្នុងតំបន់រងគ្រោះដោយសារគ្រោះរញ្ជួយដីកំរិត ៧.៥រ៉ិចទ័រ និងរំញ័រជាបន្តបន្ទាប់ទៀត កាលពីអំឡុងជាងពីរសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Peter O'Neill បានលើកឡើងយ៉ាងដូច្នេះថា «ជំនួយសង្រ្គោះបន្ទាន់ ត្រូវបាន បញ្ជូនទៅដល់ដៃប្រជាជនរងគ្រោះ នៅក្នុងតំបន់ ហេឡា (Hela) ខេត្ត សោតធើន ហៃឡេនដ៍ (Southern Highlands) ដោយទីភ្នាក់ងាររដ្ឋាភិបាល ក្នុងនោះរួម មានទាំងជំនួយជាស្បៀងអាហារ ទឹក និងថ្នាំពេទ្យ ជាដើម»។ លោកបន្ថែមថា រហូតមកទល់ពេលនេះ មនុស្សច្រើនជាង ១០០នាក់បានស្លាប់ បន្ទាប់ពីមានគ្រោះរញ្ជួយដីកំរិត ៧.៥រ៉ិចទ័រ កាលពីជាងពីរសប្ដាហ៍មុនលើទីក្រុង មែនឌី (Mendi) ខេត្ត Southern Highlands។
គួរបញ្ជាក់ថា ដើម្បីបង្កើនប្រតិបត្តិការជួយសង្រ្គោះ រដ្ឋាភិបាលប៉ាពួញូហ្គីណេ បានផ្ដល់ជំនួយជាប្រាក់ ៦២០,០០០ដុល្លារ ហើយបានសន្យាថា នឹងផ្ដល់ប្រាក់បន្ថែម ៣១០,០០០ដុល្លារ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធឡើងវិញ នៅតំបន់រងគ្រោះថែមទៀត៕