ក្រុមហ៊ុនផលិតទូរស័ព្ទដៃ iPhone រកឃើញករណីរំលោភម៉ោងការងារ និងក្លែងបន្លំទិន្នន័យ...
08-03-2018 09:35
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Apple Inc បាននិយាយថា ខ្លួនបានរកឃើញការរំលោភបំពានគោលនយោបាយការងារ ពីសំណាក់អ្នកផ្គត់ផ្គង់មួយចំនួន ក្នុងនោះរួមមានទាំងការក្លែងបន្លំទិន្នន័យម៉ោងធ្វើការ ខណៈក្រុមហ៊ុនអាមេរិកមួយនេះ កំពុងធ្វើសវនកម្ម ប្រចំាឆ្នាំពាក់ព័ន្ធនឹងលក្ខខណ្ឌពលករផលិតទូរស័ព្ទដៃ iPhones និងផលិតដទៃទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។
យោងតាមក្រុមហ៊ុន Apple ក្រុមហ៊ុនផ្គត់ផ្គង់ចំនួន ៧៥៦ ត្រូវបានត្រួតពិនិត្យ នៅក្នុងប្រទេសចំនួន ៣០ ហើយក្នុងនោះ ១៩៧ កំពុងធ្វើការត្រួតពិនិត្យជាលើកដំបូង។ Apple នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃពុធ បានឱ្យដឹងដូច្នេះថា «ក្រុមហ៊ុនជាង ៤៤ បានរំលោភលើច្បាប់ការងារ កាលពីឆ្នាំ២០១៧ ពោលគឺកើនឡើងទ្វេដងបើធៀបទៅនឹងឆ្នាំមុនៗ»។
លើសពីនេះទៅទៀត ក្រុមហ៊ុនអាមេរិកមួយនេះបានបន្ថែមថា បុគ្គលិកបីនាក់ត្រូវបានគេបង្ខំឱ្យបង់ប្រាក់ច្រើនហួសហេតុ ដើម្បីទទួលបានការងារ។
គួរបញ្ជាក់ថា ជុំវិញករណីនេះដែរ ពលករបរទេស ៧០០នាក់ មកពីប្រទេសហ្វីលីពីនត្រូវបានគេបង្ខំឱ្យបង់ប្រាក់សរុបជាង ០១ លានដុល្លារ ដើម្បីទទួលបានការងារក្នុងក្រុមហ៊ុនផ្គត់ផ្គង់សម្រាប់ Apple។ ប៉ុន្តែ Apple បាននិយាយថា ខ្លួនបានបង្ខំឱ្យក្រុមហ៊ុនទាំងនោះបង់ប្រាក់ឱ្យពួកគេវិញ។ ម្យ៉ាងវិញទៀត ផ្អែកលើម៉ោងធ្វើការ ៦០ម៉ោងក្នុងមួយសប្ដាហ៍ Apple ក៏បានអះអាងដែរថា ខ្លួនបានរកឃើញការបន្លំម៉ោងធ្វើការ ៣៨ករណី កាលពីឆ្នាំ២០១៧ ឬកើនឡើង ០៩ភាគរយ បើធៀបនឹងឆ្នាំ២០១៦៕