ជម្លោះផ្ទៃក្នុង! ក្រសួងយុត្តិធម៌អាមេរិក «ប្តឹងមន្ត្រីកំពូលៗរដ្ឋកាលីហ្វរញ៉ាថា ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ពាក់ព័ន្ធរឿងអន្តោប្រវែសន៍...»
07-03-2018 16:45
(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានដាក់ពាក្យប្ដឹងដោយចោទប្រកាន់ថា រដ្ឋកាលីហ្វ័រញ៉ា និងមន្ត្រីកំពូលរដ្ឋនេះពីរនាក់ បានជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង ពាក់ព័ន្ធនឹងគោលនយោបាយអន្តោប្រវេសន៍ តាមរយៈការ អនុម័តច្បាប់ដែលរំខាន ដល់ប្រតិបត្តិការរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់។ នេះបើ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។
យោងតាមក្រុមមេធាវីក្រសួងយុត្តិធម៌អាមេរិក រដ្ឋធម្មនុញ្ញបានផ្ដល់សិទ្ធិអំណាច ដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការ ដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ ហើយក្រុមមេធាវីទាំងនេះ ថែមទាំងអះអាងដែរថា រដ្ឋកាលីហ្វ័រញ៉ា ដែលជាមូលដ្ឋានរបស់អ្នកប្រជាធិបតេយ្យ បានរារាំងដល់ការអនុវត្តច្បាប់ របស់ក្រសួងសន្តិសុខមាតុភូមិ តាមរយៈការអនុម័តច្បាប់មិនត្រឹមត្រូវ លើរដ្ឋាភិបាលសហព័ន្ធ។
យ៉ាងណាក៏ដោយ ជាការឆ្លើយតប អភិបាលរដ្ឋកាលីហ្វរញ៉ាខាងគណបក្សប្រជាធិបតេយ្យ លោក (ជែរី ប្រោន) Jerry Brown បានចេញសេចក្ដីថ្លែងមួយ ដោយហៅពាក្យបណ្ដឹងក្រសួងយុត្តិធម៌ គឺជារឿងមួយគួរឱ្យសោកសៅ និងមានចេតនានយោបាយ។
គួររំលឹកថា តំណាងរាស្ត្រសភាអាមេរិកមកពីរដ្ឋកាលីហ្វ័រញ៉ា បានអនុម័តច្បាប់អន្តោប្រវេសន៍ចំនួនបី កាលពីឆ្នាំ២០១៧ ក្នុង នោះច្បាប់មួយបានរារាំងមិនឱ្យនិយោជកឯកជន ធ្វើការងារស្ម័គ្រចិត្តជាមួយមន្ត្រីអន្តោប្រវេសន៍សហព័ន្ធ និងតម្រូវឱ្យរាល់ ប្រធានក្រុមហ៊ុននានា ជូនដំណឹងជាមុនទាក់ទិននឹងពលករ ឬបុគ្គលិក មុននឹងមានការចុះឆែកឆេរពីអាជ្ញាធរសហព័ន្ធ៕