ព្រះមហាក្សត្រីយានីថៃ យាងចូលពិនិត្យព្រះរោគនៅមន្ទីរពេទ្យ ក្នុងរយៈពេល០៣ថ្ងៃ!
07-03-2018 14:25
(បាងកក)៖ ព្រះមហាក្សត្រីយានីថៃ Sirikit ត្រូវបានព្រះបរមរាជវាំងទីក្រុងបាងកក ប្រកាសថា កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដើម្បីពិនិត្យព្រះរោគ ដោយទ្រង់នឹងគង់នៅរយៈពេល ០៣ថ្ងៃនៅទីនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍ពីរាជវាំងថៃខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីព្រះមាតាបង្កើត នៃមហាក្សត្រថៃដែលទើបឡើងគ្រងរាជ្យថ្មីៗ បានយាងទៅមន្ទីរពេទ្យតាំងតែពីថ្ងៃទី០៦ ខែមីនាម្សិលមិញ ហើយទ្រង់នឹងបន្តគង់សម្រាកពិនិត្យរោគនៅទីនោះ រហូតដល់ថ្ងៃ០៨ ខែមីនា ស្អែកនេះទើបយាងត្រឡប់មករាជវាំងវិញ។
គួរបញ្ជាក់ថា ព្រះមហាក្សត្រី Sirikit មានព្រះជន ៨៥ព្រះវស្សាទៅហើយ ដោយចាប់តាំងពីអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត សោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ មកនោះ ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រី មិនសូវជាល្អប៉ុន្មាននោះឡើយ ដោយតម្រូវឲ្យទ្រង់ ទៅពិនិត្យព្រះរោគជាប្រចាំ នៅមន្ទីរពេទ្យទីក្រុងបាងកក៕