សង្រ្គាមស៊ីរី៖ យូអិន អនុម័តស្នើឲ្យមានបទឈប់បាញ់៣០ថ្ងៃ ខណៈមនុស្សស្លាប់កើនដល់៥០០នាក់
25-02-2018 12:37
(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័នលើដំណោះស្រាយមួយ ដោយស្នើឱ្យមានបទឈប់បាញ់រយៈពេល៣០ថ្ងៃ នៅក្នុងប្រទេសស៊ីរី ដើម្បីជួយសម្រួលដល់ការផ្ដល់ជំនួយ ខណៈចំនួនអ្នកស្លាប់នៅក្នុង ការវាយប្រហារតាមផ្លូវអាកាស បានកើនដល់ជាង៥០០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។
ការអនុម័តលើដំណោះស្រាយនេះកាលពីថ្ងៃសៅរ៍ (ម៉ោងនៅទីក្រុងញូយ៉ក) កើតមានឡើងនៅចំពេលស្ថានភាពនៅក្នុង តំបន់ហ្គួតា (Ghouta) កំពុងស្ថិតនៅក្រោមការវាយប្រហារតាមផ្លូវអាកាស យ៉ាងសន្ធាប់ពីសំណាក់យន្ដហោះចម្បាំង រដ្ឋាភិបាលស៊ីរី គំាទ្រដោយរុស្ស៊ី។ បន្ថែមពីលើនេះ បើតាមអង្គការឃ្លំាមើលសិទ្ធិមនុស្សស៊ីរី មនុស្សយ៉ាងហោចណាស់៥០០នាក់ បានបាត់បង់ជីវិត និងជាង ២,១២០នាក់ទៀត ក៏បានរងរបួសផងដែរ ដោយសារតែការវាយប្រហារផ្លូវអាកាស អស់រយៈពេលមួយសប្ដាហ៍មកនេះ។
គួរបញ្ជាក់ថា បទឈប់បាញ់ខាងលើ មិនត្រូវបានអនុវត្តលើប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS, អាល់កៃដា ឬក៏ក្រុម រណសិរ្ស Al-Nusra នោះទេ ហើយដែលនេះនៅតែជាបញ្ហាចោទ សម្រាប់បទឈប់បាញ់ ដ្បិតភាគីជម្លោះជារឿយៗតែង យកលេសកម្ទេចក្រុមភេរវករទាំងនេះ ដើម្បីឆ្លៀតវាយប្រហារដាក់គ្នាទៅវិញទៅមក៕