ម៉ាឡេស៊ីចេញប្រតិបត្តិការក្តៅ «ចាប់ខ្លួនក្រុមជនសង្ស័យជាភេរវករ ១១នាក់ ក្នុងនោះរួមទាំងសមាជិក ISIS មកពីហ្វីលីពីន...»
21-02-2018 17:02
(គូឡាឡាំពួ)៖ អាជ្ញាធរប៉ូលិសម៉ាឡេស៊ី បានចេញប្រតិបត្តិការយ៉ាងក្តៅគគុក និងចាប់បានក្រុមជនសង្ស័យជាសមាជិកក្រុមភេវករ និងក្រុមឧទ្ទាមអាប៊ូសាយយ៉ាហ្វ មកពីភាគខាងត្បូងហ្វីលីពីន សរុបមានគ្នា ១១នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្រុមជនសង្ស័យជាបណ្តាញ នៃពួកភេរវករខាងលើនេះ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ គិតចាប់តាំងពីដើមខែកុម្ភៈនេះមក ហើយក្នុងនោះ ១០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋ សាបាហ៍ (Sabah) នៃដែនដីម៉ាឡេស៊ីក្នុងតំបន់ North Borneo ជាប់ព្រំដែនភាគខាងត្បូង នៃប្រទេសហ្វីលីពីន។ ប្រតិបត្តិការនេះ គឺជាការបំបែកបណ្តាញភេរវករដ៏ក្តៅគគុក ដែលពួកគេមានទំនាក់ទំនងជាមួយក្រុមឧទ្ទាម និងភេរវករនៅភាគខាងត្បូងហ្វីលីពីន ហើយមានគោលដៅ បង្កការវាយប្រហារនៅម៉ាឡេស៊ី។
គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យខាងលើនេះ ក៏បានបណ្តាលឲ្យប្រជាជនស្លូតត្រង់ម៉ាឡេស៊ី ០២នាក់ និងហ្វីលីពីន ០៣នាក់ រងរបួសផងដែរ។ ដោយឡែកនៅក្នុងចំណោមជនសង្ស័យចំនួន ១១នាក់នោះ មានម្នាក់ជាជនជាតិហ្វីលីពីន ដែលត្រូវបានបង្វឹកពីជំនាញប្រើប្រាស់កាំភ្លើង ពីសំណាងមេដឹកនាំក្រុមរដ្ឋអ៊ីស្លាម ISIS នៅភាគខាងត្បូងហ្វីលីពីនផ្ទាល់តែម្តង៕