ទីបំផុតជនជាតិរុស្ស៊ី ១៣នាក់ និងអង្គភាពរុស្ស៊ី ០៣ រងការចោទប្រកាន់ថា រឿងលូកលាន់កិច្ចការបោះឆ្នោត ប្រធានាធិបតីអាមេរិកឆ្នាំ២០១៦!
17-02-2018 16:45
(វ៉ាស៊ីនតោន)៖ ទីបំផុតក្រុមរដ្ឋអាជ្ញាពិសេសអាមេរិក ដឹកនាំដោយលោក Robert Mueller បានប្រកាសថា ជនជាតិរុស្ស៊ី ១៣នាក់ និងអង្គភាពរុស្ស៊ីចំនួន ០៣ ត្រូវចោទប្រកាន់ថា បានលូកលាន់កិច្ចបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីចុងឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។
សម្រាប់ការប្រកាសចោទប្រកាន់ជាផ្លូវការខាងលើនេះ គឺរួមមានដូចជា ការបោកបញ្ឆោត ការលួងលោមឲ្យមានការក្លែងបន្លំ និងការលួចបន្លំអត្តសញ្ញាណ ព្រមទាំងគណនីធនាគារផងដែរ។ ឯកសារចោទប្រកាន់បានចេញចំនួន ៣៧ទំព័រ ដោយការិយាល័យរបស់ លោក Mueller ដែលត្រូវតែងតាំងក្នុងមុខតំណែងខាងលើ ដោយក្រសួងយុត្តិធម៌កាលពីឆ្នាំមុន ដើម្បីដោះស្រាយរឿងក្តីចោទប្រកាន់ថា រុស្ស៊ីបានលូកលាន់កិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦។
គួរបញ្ជាក់ថា ការចោទប្រកាន់នោះ គឺពាក់ព័ន្ធនឹងការលូកលាន់របស់មន្ត្រីរដ្ឋាភិបាលរុស្ស៊ី ដែលជួយឲ្យអតីតបេក្ខភាពប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមរយៈការទម្លាយឯកសារសម្ងាត់ ដែលធ្វើឲ្យខូចឈ្មោះលោកស្រី ហ៊ីលឡារី គ្លីនតុន ជាគូប្រជែង។ ក្រុមរដ្ឋអាជ្ញាពិសេស នឹងធ្វើការងារបន្តទៀតទៅតាមនីតិវិធី ក្រោយឯកសារចោទប្រកាន់ត្រូវបានបញ្ចេញជាផ្លូវការ៕