BREAKING NEWS: គ្រោះរញ្ជួយដីកម្រិតមធ្យម «វាយប្រហារតំបន់ក្បែររដ្ឋធានីប៉េកាំង» នៃប្រទេសចិន!
12-02-2018 18:07
(ប៉េកាំង)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតមធ្យម ៤.៣រ៉ិចទ័រ បានវាយប្រហារតំបន់មួយ ស្ថិតនៅក្បែររដ្ឋធានីប៉េកាំង នៃប្រទេសចិន នៅល្ងាចថ្ងៃចន្ទនេះតែម្តង ដែលជារឿងកម្រនឹងកើតមានឡើងណាស់។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
ភ្លាមៗបែរនេះ ពុំទាន់មានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់អំពីផលប៉ះពាល់ នៃគ្រោះរញ្ជួយដីខាងលើនេះឡើយ ប៉ុន្តែបើពិនិត្យទៅលើកម្រិត នៃរំញ័រខាងលើនេះ គឺមានកម្លាំងខ្សោយប៉ុណ្ណោះ ដែលទំនងជាមិនអាចបង្កការខូចខាត ឬក៏មនុស្សរងគ្រោះថ្នាក់នោះឡើយ។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើនេះ បានកើតមានឡើងទៅលើសង្កាត់ យ៉ុងគីង នៃទីក្រុង ឡាងហ្វាង របស់ខេត្តហេបៃ ជាប់ព្រំដែនភាគខាងត្បូងទីក្រុងប៉េកាំង កាលពីម៉ោង ៦៖៣១នាទីល្ងាច ម៉ោងនៅប៉េកាំង៕