Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុតចិនបញ្ជូនយន្តហោះចម្បាំង «J-20 stealth fighter» ចូលទៅក្នុង​មូលដ្ឋាន​ទ័ពអាកាស ដើម្បីទុកប្រើប្រាស់ជា​ផ្លូវការ!

10-02-2018 10:21

(ប៉េកាំង)៖ យន្តហោះចម្បាំងចុងក្រោយរបស់ចិន ដែលផលិតនៅក្នុងស្រុកម៉ូដែល J-20 steath fighter ត្រូវបាន​បញ្ជូនទៅកាន់​មូលដ្ឋាន នៃកងយន្តហោះ​ចម្បាំងហើយ ដើម្បីបំពេញការងារ​ទៅតាមមុខនាទីដែលបានកំណត់។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក ហ្សេន ជីងកេ (Shen Jinke) អ្នកនាំពាក្យ ​កងកម្លាំង​ទ័ពអាកាស នៃកងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) បានថ្លែង​កាលពីពេលថ្មីៗ​នេះថា «វាបានសបញ្ជាក់ឲ្យឃើញ អំពីជំហានដ៏សំខាន់សម្រាប់​យន្តហោះចម្បាំង J-20 ដែលមាន​សមត្ថភាពប្រយុទ្ធដ៏ទូលំ​ទូលាយបំផុត។ អ្វីដែលត្រូវ​ធ្វើបន្ត គឺយើងនឹងធ្វើការបង្វឹកអាកាសយានិក ឲ្យមាន​ជំនាញប្រើប្រាស់​យន្តហោះប្រភេទនេះ ប្រកបដោយ​​ប្រសិទ្ធភាព»។

គួរបញ្ជាក់ថា ប្រទេសចិន​​បានបញ្ចេញ​យន្តហោះ​ចម្បាំង​ខាងលើនេះ ស្ថិតនៅ​ក្នុង​គោលដៅ​​​​ពង្រឹង​សមត្ថភាព​ការពារ ដែនអធិបតេយ្យភាព និងបូរណភាព​ទឹកដី​របស់ខ្លួន ព្រមទាំងបង្កើនសមត្ថភាព​នៅក្នុងការប្រយុទ្ធ​ គ្រប់កាលៈទេសៈផងដែរ។ J-2០ គឺជា​យន្តហោះ​​ចម្បាំង​រយៈចម្ងាយឆ្ងាយ កម្រិតមធ្យម​របស់ចិន​ជំនាន់ទី ៤ ដែលបាន​ចាប់ផ្តើម​ធ្វើតេស្ត​សាកល្បងតាំងតែ​ពីឆ្នាំ២០១១ និងត្រូវបាន​យកទៅ​សម្តែង​សមត្ថភាព​ជា​សាធារណៈ​រួចមក​ហើយ នៅក្នុងពិព័រណ៍​អាកាសចរ​ នាខេត្តក្វាងទុង កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៦៕