អ្នកជំនាញព្រមាន៖ គោលនយោបាយនុយក្លេអ៊ែរថ្មីរបស់ ដូណាល់ ត្រាំ គឺជាផែនការមេ សម្រាប់ធ្វើសង្គ្រាមនុយក្លេអ៊ែរ...
06-02-2018 15:11
(ស៊ីដនី)៖ ស្ថាបនិកនៃសមាគមអ្នកទទួលជ័យលាភី «ពានរង្វាន់ណូបែលសន្តិភាព» បានចេញមុខរិះគន់ធ្ងន់ៗ ទៅលើគោលនយោបាយនុយក្លេអ៊ែរថ្មី របស់ទីក្រុងវ៉ាស៊ីនតោន ដោយចាត់ទុកថា វាជាផែនការមេសម្រាប់ធ្វើសង្រ្គាមនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។
ដោយរៀបរាប់របាយការណ៍ US 2018 Nuclear Posture Review (NPR) ថា ជាឯកសារគួរឲ្យព្រឺឆ្អឹងខ្នងមួយនោះ លោក ធីលម៉ាន់ រ៉ាហ្វ (Tilman Ruff) បិតាស្ថាបនិកនៃក្រុមយុទ្ធនាការអន្តរជាតិ សំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរ ហៅកាត់ថា ICAN បានលើកឡើងថា NPR ថ្មីរបស់សហរដ្ឋអាមេរិក កំពុងបង្កហានិភ័យកាន់តែខ្លាំង ទៅរកការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ... វាកំពុងបង្ហាញយ៉ាងច្បាស់ថា ការប្រឈមមុខដាក់គ្នារវាងមហាអំណាច ពោលគឺជាមួយរុស្ស៊ី បានវិលត្រឡប់មកវិញហើយ ដោយប្រការនេះ បានស្តែងឲ្យឃើញថា យើងទាំងអស់គ្នា កំពុងវិលទៅរកសម័យសង្រ្គាមត្រជាក់វិញហើយ។
គួរជម្រាបថា NPR ដែលស្ថិតក្រោមការលើកឡើងខាងលើ ត្រូវបានចេញផ្សាយដោយក្រសួងការពារជាតិអាមេរិក កាលពីពេលថ្មីៗនេះ ដោយវាបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ នៃការពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់អាមេរិក ដែលបើតាមការអះអាងពីទីក្រុងវ៉ាស៊ីនតោន គឺដើម្បីទប់ទល់នឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយប្រទេសរុស្ស៊ី។
ដោយឡែក ICAN ទទួលបានពានណូបែលសន្តិភាពសម្រាប់ឆ្នាំ២០១៧ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្វែរចំណាប់អារម្មណ៍ពិភពលោក ទៅកាន់គ្រោះមហន្តរាយនៃមនុស្សជាតិ ដែលអាចបង្កឡើងដោយការប្រើប្រាស់សព្វាវុធ-នុយក្លេអ៊ែរ៕