BREAKING NEWS: ផ្ទុះគ្រាប់បែកនៅភាគខាងត្បូងថៃ «ផ្តាច់ជីវិតមនុស្ស ០៣នាក់ និងរបួស ១៨នាក់»
22-01-2018 09:38
(បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ០៣នាក់បានស្លាប់ និង ១៨នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះម៉ូតូបង្កៃគ្រាប់បែកមួយគ្រឿង នៅព្រឹកថ្ងៃចន្ទនេះ នៅក្នុងផ្សារមួយកន្លែងស្ថិតខេត្តយ៉ាឡា (Yala) នៃភាគខាងត្បូងប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរនៅក្នុងតំបន់ ក្រុមឧក្រិដ្ឋជនបានបង្កៃគ្រាប់បែកនៅលើម៉ូតូមួយគ្រឿង ហើយយកវាទៅផ្លុងចោលនៅក្បែរផ្សារ ដោយកម្លាំងផ្ទុះរបស់វាបានបណ្ដាលឱ្យមនុស្ស ០៣នាក់ស្លាប់ ប៉ុន្តែមិនមានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ខណៈមនុស្ស ១៨នាក់បានរងរបួស។
គួរបញ្ជាក់ថា ខេត្ត ណារ៉ាត់ធីវ៉ាត់ (Narathiwat), ផាត់តានី (Pattani) និងខេត្ត Yala នៃភាគខាងត្បូងប្រទេសថៃ គឺជាជំរករបស់ក្រុមជនជាតិភាគតិចម៉ាឡេ ដែលកំពុងប្រយុទ្ធដើម្បីស្វ័យភាព ស្របពេលអំពើ ហិង្សាបានផ្ដាច់យកអាយុជីវិតមនុស្សច្រើនជាង ៦,០០០នាក់ គិតចាប់តាំងពីឆ្នាំ២០០៤មក៕