ក្រុមហ៊ុន Apple នឹងសាងសង់រោងចក្រថ្មីក្នុងស្រុក ដែលផ្តល់ការងារឲ្យប្រជាជនអាមេរិក ២០,០០០នាក់!
18-01-2018 09:51
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនមានគំរោងសាងសង់អាគារក្រុមហ៊ុនថ្មីមួយ ព្រមទាំងជួលបុគ្គលិក ២០,០០០នាក់ នៅក្នុងសហរដ្ឋអាមេរិក ជាផ្នែកមួយនៃការស្វែងរកការកាត់បន្ថយពន្ធ ដែលនឹងអាចឱ្យក្រុមហ៊ុនយក្សបច្ចេកវិទ្យាមួយនេះ យកប្រាក់ចំណូលមកស្រុកកំណើតវិញជាង ២៤៥ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន ABC News នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។
គំរោងនេះត្រូវបានប្រកាសកាលពីថ្ងៃពុធ ពោលគឺវាកើតឡើងតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីសភា អាមេរិកអនុម័តលើច្បាប់ពន្ធដារថ្មី របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ប៉ុន្តែព្រមពេលជាមួយគ្នា មជ្ឈដ្ឋានទូទៅយល់ថា ក្រុមហ៊ុន Apple មានគំរោងទាញ យកផលចំណេញត្រឡប់មកវិញ ពីប្រាក់ដែលត្រូវចំណាយនៅឯបរទេសជាង ២៥២ពាន់លានដុល្លារ ដែលនឹងជាប់កាត្វកិច្ចបង់ពន្ធ ៣៨ពាន់លានដុល្លារ។ មួយវិញទៀត ការប្រកាសពីគំរោងសាងសង់អាគារថ្មីក៏ត្រូវបានគេរំពឹងដែរថា ក្រុមហ៊ុនផលិតទូរស័ព្ទដៃ I phone មានបំណងយកប្រាក់នៅឯបរទេសខ្លួនជាង ២៤៥ពាន់លានដុល្លារ ត្រឡប់មកវិញ ឈរលើមូលដ្ឋានអត្រាបង់ពន្ធបណ្ដោះអាសន្ន ១៥.៥ភាគរយ នៅបរទេស។
គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Apple គំរោងរបស់ខ្លួនអាចនឹងចូលរួមចំណែកឯផ្ដល់ផលចំណេញ ៣៥០ពាន់លានដុល្លារ ដល់សេដ្ឋកិច្ចអាមេរិក ក្នុងរយៈពេល០៥ឆ្នាំខាងមុខ៕