ដោយភ័យខ្លាចចិនលួចស៊ើបការណ៍ «មូលដ្ឋានទ័ពមួយនៅសហរដ្ឋអាមេរិក ធ្វើការរុះរើកាមេរ៉ាសុវត្ថិភាពទាំងអស់ ដែលជាផលិតផលរបស់ចិន»
13-01-2018 11:39
(វ៉ាស៊ីនតោន)៖ មូលដ្ឋានទ័ពអាមេរិកមួយកន្លែង ស្ថិតនៅរដ្ឋ Missouri បានប្រញាប់រុះរើចោលនូវកាមេរ៉ាសុវត្ថិភាព ដែលជាផលិតផលរបស់ប្រទេសចិន ក្រោយពីមានក្តីព្រួយបារម្ភថា ឧបករណ៍ទាំងនោះ អាចត្រូវប្រើប្រាស់ដោយទីក្រុងប៉េកាំង ដើម្បីធ្វើសកម្មភាពស៊ើបការណ៍ មកលើយោធាអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអាមេរិក The Wall Street Journal បន្ទាយយោធា Leonard Wood បានដោះកាមេរ៉ាចំនួន ០៥គ្រឿងចេញ ដែលផលិតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន Hikvision នៅក្រុង Hangzhou និងត្រូវបានប្រើប្រាស់ក្នុងការឃ្លាំមើលផ្លូវថ្នល់ និងទីតាំងចតយានជំនិះនៅឯមូលដ្ឋានទ័ពនេះ ខណៈរដ្ឋាភិបាលចិនត្រូវគេរាយការណ៍ថា មានភាគហ៊ុន ៤២ភាគរយ នៅក្នុងក្រុមហ៊ុននោះ។
គួរជម្រាបថា យ៉ាងណាមិញខាងយោធាផ្ទាល់ ពុំបានជឿថាកាមេរ៉ាទាំងនោះផ្តល់ឱកាសសម្រាប់ទីក្រុងប៉េកាំង ក្នុងការធ្វើសកម្មភាពស៊ើបការណ៍ ឬប្រមូលព័ត៌មានសម្ងាត់ផ្សេងៗឡើយ ហើយជំនួសមកវិញ ការរុះរើប្រព័ន្ធកាមេរ៉ាប៉ុន្មានគ្រឿងនេះ គឺដើម្បីធ្វើឲ្យអស់មន្ទិលសង្ស័យអវិជ្ជមានទាំងឡាយ ជុំវិញវត្តមាននៃកាមេរ៉ា Hikvision ក្រោយពីមានសេចក្តីការណ៍ព័ត៌មានពាក់ព័ន្ធនឹងការប្រើប្រាស់ពួកវា៕