ផ្ទុះករណីបាញ់ប្រហារទៀតហើយនៅអាមេរិក «នាំឲ្យមនុស្ស ០៣នាក់ស្លាប់» ក្នុងទីក្រុងហួស្តុន, រដ្ឋតិចសាស់!
30-12-2017 09:15
(ហួស្តុន)៖ ប៉ូលិសទីក្រុងហួស្តុន នៃរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក បានឲ្យដឹងថា មនុស្សចំនួន ០៣នាក់ ក្នុងនោះសរុបទាំងខ្មាន់កាំភ្លើងម្នាក់ផងដែរ បានស្លាប់បាត់បង់ជីវិត នៅក្នុងករណីបាញ់ប្រហារ ដែលបានកើតមានឡើងនៅល្ងាចថ្ងៃសុក្រ (ម៉ោងនៅទីក្រុងហួស្តុន)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧។
ជំនួយការនៃមេបញ្ជាការប៉ូលិសទីក្រុងហួស្តុន លោក Troy Finner បានប្រាប់អ្នករាយការណ៍ព័ត៌មាននានាថា «ខ្មាន់កាំភ្លើង ដែលជាអតីតជាងជួសជុលនៅក្នុងហាងមួយ បានបាញ់បុគ្គលិកនៅក្នុងហាងនោះចំនួនពីរនាក់ស្លាប់ កាលពីវេលាម៉ោង ៤៖០០នាទីល្ងាចថ្ងៃសុក្រ ហើយបន្ទាប់មករូបគេក៏បានចេញមកក្រៅហាង ហើយបាញ់សម្លាប់ខ្លួនឯងតែម្តង»។
គួរបញ្ជាក់ថា សាក្សីនៅកន្លែងកើតហេតុ បានឃើញមនុស្សប្រមាណ ០៤នាក់ ស្ថិតនៅក្នុងហាងនៅពេលហេតុការណ៍ផ្ទុះឡើយ។ ប៉ូលិសបានទាក់ទងទៅកាន់ក្រុមគ្រួសារខ្មាន់កាំភ្លើងរួចហើយ ប៉ុន្តែមិនបានបញ្ជាក់ភេទ នៃខ្មាន់កាំភ្លើងរូបនោះឡើយ។ ដោយឡែកមូលហេតុដែលបង្កការបាញ់ប្រហារនេះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ៕