BREAKING NEWS: គូប្រជែងធំបំផុតរបស់លោក វ្ល៉ាឌីមៀ ពូទីន «ត្រូវបានហាមឃាត់ជាផ្លូវការ មិនឲ្យចូលរួមបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៨» ដោយសារ...
26-12-2017 09:34
(ម៉ូស្គូ)៖ មេដឹកនាំគណបក្សប្រឆាំងធំបំផុតក្នុងប្រទេសរុស្ស៊ី លោក អាឡិចសៃ ណាវ៉ាល់នី (Alexei Navalny) ត្រូវបានគេហាមឃាត់ជាផ្លូវការ មិនឱ្យចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នៅឆ្នាំ២០១៨ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតរុស្ស៊ី កាលពីថ្ងៃចន្ទ លោក Navalny មិនអាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ដោយសារតែលោកត្រូវបានគេផ្ដន្ទាទោសពីបទប្រព្រឹត្តអំពើពុករលួយ ដែលលោកផ្ទាល់ចាត់ទុកថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ ជាងនេះទៅទៀត លោក Navalny ក៏បានអំពាវនាវឱ្យអ្នកគំាទ្ររបស់លោកទាំងអស់ ធ្វើពហិការមិនរួមការបោះឆ្នោតនៅខែមីនា ឆ្នាំ២០១៨ខាងមុខនេះផងដែរ។
«យើងស្នើឱ្យមានការធ្វើពហិការ មិនចូលរួមការបោះឆ្នោត។ នីតិវិធីដែលយើងត្រូវបាន អញ្ជើញឱ្យចូលរួមមិនមែនជាការបោះឆ្នោតនោះទេ»។ នេះគឺជាការលើកឡើងរបស់លោក Navalny ដោយបន្ថែមថា លោកនឹងដឹកនាំការធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេស។
គួរបញ្ជាក់ថា លោក Alexei Navalny មានអាយុ ៤១ឆ្នាំ គឺជាមនុស្សតែម្នាក់គត់ដែលគេមើលឃើញថា ជាគូប្រជែងដ៏សំខាន់របស់លោក វ្ល៉ាឌីមៀ ពូទីន។ ប៉ុន្តែកាលពីដើមឆ្នាំកន្លងទៅ លោកត្រូវបានតុលាការរុស្ស៊ីកាត់ទោសដាក់ពន្ធនាគារ ០៥ឆ្នាំ ដោយអនុវត្តន៍ការព្យួរទោស ពីបទប្រព្រឹត្តអំពើពុករលួយ៕