សហរដ្ឋអាមេរិក «ប្រើសិទ្ធិជំទាស់ ដំណោះស្រាយ UNSC លើបញ្ហាហ្សេរុយសាឡឹម» ហើយអន្តរជាតិបានត្រឹមអង្គុយមើល...
19-12-2017 15:46
(យូអិន)៖ សហគមន៍អន្តរជាតិបានអំពាវដល់គ្រប់ភាគីពាក់ព័ន្ធ ឲ្យបើកកិច្ចចរចារវាងគ្នា និងគ្នា ដើម្បីកំណត់សម្រេចឲ្យច្បាស់ ពីស្ថានភាពនៃទីក្រុងហ្សេរុយសាឡឹមដ៏ចម្រូងសម្រាស បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រើសិទ្ធិវេតូ (ជំទាស់) ទៅលើសេចក្តីព្រាងដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។
អគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំ UN លោក Amr Abdellatif Aboulatta បាននិយាយថា សេចក្តីព្រាងដំណោះស្រាយខាងលើ មានគោលដៅដើម្បីធានាថា រាល់ការប៉ុនប៉ងណាមួយ ដែលសំដៅកែប្រែលក្ខណៈសម្បត្តិ ឬក៏សមាសភាពប្រជាសាស្រ្ត នៃទីក្រុងចំណាស់ ហ្សេរុយសាឡឹម នឹងពុំមានឥទ្ធិពលឡើយ ហើយត្រូវចាត់ទុកជាមោឃៈ និងត្រូវតែលុបចោលវិញ។ សេចក្តីព្រាងនេះ ក៏បានអំពាវនាវឲ្យគ្រប់ភាគី កុំរុះរើបេសកកម្មការទូតរបស់ខ្លួន ទៅកាន់ហ្សេរុយសាឡឹមផងដែរ។
នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) សមាជិក ១៤ប្រទេសផ្សេងទៀត នៃក្រុមប្រឹក្សាសន្តិសុខ UN បានបោះឆ្នោតក្នុងសំឡេងគាំទ្រ ចំពោះដោះស្រាយដែលព្រាងដោយប្រទេសអេហ្ស៊ីបនេះ ក៏ប៉ុន្តែដោយសារសហរដ្ឋអាមេរិក ដែលជាសមាជិកអចិន្រ្តៃយ៍របស់ UNSC មានអំណាចវេតូ សេចក្តីព្រាងក៏ទទួលបរាជ័យ មិនត្រូវបានអនុម័ត។
គួរជម្រាបថា ជាមួយគ្នានេះតំណាងចក្រភពអង់គ្លេស បារាំង រួមទាំងចិនជាដើម បានលើកឡើងថា ស្ថានភាពរបស់ហ្សេរុយសាឡឹម គួរតែកំណត់តាមរយៈការបើកកិច្ចចរចា ស្វែងរកដំណោះស្រាយ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយចុងក្រោយបំផុតនោះ គឺថាទីក្រុងនេះគួរឲ្យតែក្លាយរដ្ឋធានីរួមរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន៕