យូអិន ពិចារណាលើដំណោះស្រាយទាត់ចោលការសម្រេចចិត្តរបស់លោកត្រាំ លើហ្សេរុយសាឡឹម
17-12-2017 16:42
(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កំពុងពិចារណាលើសេចក្ដីព្រាងដំណោះស្រាយមួយ ដែលទទូចឱ្យការសម្រេចចិត្តពាក់ព័ន្ធនឹង ទីក្រុងហ្សេរុយសាឡឹម គួរតែត្រូវបានលុបចោល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ទីក្រុងទីក្រុងមួយនេះជារដ្ឋធានីរបស់អ៊ីស្រាអែល។ នេះបើតាមប្រភពពីមន្ត្រីទូតជាច្រើន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមប្រភពពីមន្ត្រីទូតប្រចាំយូអិន សេចក្ដីព្រាងដំណោះស្រាយកម្រាស់មួយទំព័រខាងលើ ត្រូវបានបញ្ជូនទៅកាន់បណ្ដាសមាជិក UNSC រួចរាល់ហើយ។ ប៉ុន្តែក្នុង សេចក្ដីព្រាងនេះ មិនបានសង្កត់ធ្ងន់ពីសហរដ្ឋអាមេរិក ឬលោក ដូណាល់ ត្រំាឡើយ ខណៈគេជឿជាក់ថាទីក្រុងវ៉ាស៊ីនតោន នឹងប្រើប្រាស់សិទ្ធិវ៉េតូ។ UNSC អាចនឹង បោះឆ្នោតនៅដើមសប្ដាហ៍នេះ ហើយដំណោះស្រាយនេះទៀតសោត ត្រូវការជាចាំបាច់សំឡេងគាំទ្រ០៩សំឡេងពីសមាជិកទាំង១៥ និងមិនមានការបោះឆ្នោតវ៉េតូឡើយ ពីសមាជិកអចិន្ត្រៃយ៍ទំាង០៥ រួមមាន សហរដ្ឋអាមេរិក បារាំង អង់គ្លេស រុស្ស៊ី និងចិន។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបោះចោលគោលនយោបាយអាមេរិក រាប់សិបឆ្នាំមកនេះ នៅពេលដែលលោកសម្រេចទទួលស្គាល់ ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីអ៊ីស្រាអែល។ មិនតែប៉ុណ្ណោះ លោកក៏បានបង្គាប់ឱ្យក្រសួងការបរទេសអាមេរិក ចាប់ផ្ដើមត្រៀមរៀបចំផ្លាស់ប្ដូរស្ថានទូតអាមេរិក ពីទីក្រុងតែអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹម បើទោះជាមានការជំទាស់ពីប៉ាឡេស្ទីន និងបណ្ដាប្រទេសជាច្រើនក៏ដោយ៕