ព័ត៌មានក្តៅ! រដ្ឋមន្ត្រីការបរទេសអាមេរិក «រ៉ិច ធីល្លឺសុន ទាមទារឲ្យមីយ៉ាន់ម៉ា ដោះលែងអ្នកកាសែត Reuters ទាំងពីររូប» ជាបន្ទាន់!
16-12-2017 10:13
(យូអិន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន បានអំពាវនាវឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ដោះលែងអ្នកកាសែត Reuters ចំនួនពីររូប ដែលត្រូវបានអាជ្ញាធរប្រទេសអាស៊ានមួយនេះចាប់ខ្លួនកាលពីសប្តាហ៍មុន ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់ក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧។
លោក ធីល្លឺសុន បានប្រាប់អ្នកសារព័ត៌មាននានារួមទាំង Reuters នៅក្នុងទីក្រុងញូយ៉ក នាថ្ងៃសុក្រ សប្តាហ៍នេះថា «តំណាងនៃបេសកកម្មរបស់យើង ប្រចាំនៅស្ថានទូតក្នុងប្រទេសមីយ៉ាន់ម៉ាបានសម្តែងចេញនូវក្តីព្រួយបារម្ភរួចទៅហើយ ជុំវិញការឃុំខ្លួនអ្នកកាសែតទាំងពីររូប ហើយយើងសូមទាមទារឲ្យមាន ការដោះលែងពួកគេវិញជាបន្ទាន់»។
អ្នកសារព័ត៌មានទាំងពីរមានឈ្មោះថា Wa Lone និង Kyaw Soe OO ដែលមានមូលដ្ឋាននៅក្នុងប្រទេស មីយ៉ាន់ម៉ា ផ្ទាល់តែម្តង។ ប្រមុខដឹកនាំអង្គការសហប្រជាជាតិ ក៏ធ្លាប់បានលើកឡើងផងដែរថា លោកមានក្តីបារម្ភចំពោះប្រទេសមីយ៉ាន់ម៉ា ដែលបានបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើសិទ្ធិមនុស្សក្នុងអំឡុងនៃយុទ្ធនាការបោសសម្អាត ពីសំណាក់ពួកយោធាក្នុងរដ្ឋ Rakhine ដែលបង្ខំឱ្យជនជាតិ Rohingya ចំនួន ៦០ម៉ឺននាក់ ត្រូវជម្លៀសខ្លួនទៅកាន់តំបន់ភាគខាងត្បូង ប្រទេសបង់ក្លាដែស ចំណែកការចាប់ខ្លួនអ្នកកាសែត ទំនងជាពាក់ព័ន្ធនឹងករណីនេះ។
គួរបញ្ជាក់ថា អគ្គលេខាធិការ UN បានបាត់ទុករឿងនេះ ជាក្តីបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់សេរីភាពសារព័ត៌មាន ក្នុងប្រទេសនេះ»។ ដោយឡែកនាយកសារព័ត៌មានដ៏ល្បី Reuters លោក Stephen J.Adler បានលើកឡើងថា «យើងថ្កោលទោសជាខ្លាំង ចំពោះការវាយប្រហារទៅលើសេរីភាពសារព័ត៌មានបែបនេះ ហើយបច្ចុប្បន្នយើងកំពុងស្នើ ដល់អាជ្ញាធរដើម្បីដោះលែងឱ្យបានឆាប់»៕