BREAKING NEWS: ផ្ទុះការតវ៉ាប្រឆាំង ដូណាល់ ត្រាំ នៅកណ្តាលក្រុងហ្សាការតា និងគូឡាឡាំពួ ពាក់ព័ន្ធនឹងការទទួលស្គាល់រដ្ឋធានីអ៊ីស្រាអែល!
08-12-2017 15:52
(ហ្សាការតា)៖ មនុស្សម្នារាប់រយរាប់ពាន់នាក់បានប្រមែប្រមូលគ្នា នៅក្រៅស្ថានទូតអាមេរិក ក្នុងរដ្ឋធានីហ្សាការតា និងគូឡាឡាំពួនាថ្ងៃសុក្រនេះ ដើម្បីសម្តែងការតវ៉ាជំទាស់យ៉ាងពេញទំហឹង នឹងការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានទទួលស្គាល់ ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។
មនុស្សប្រមាណ ២០០នាក់ មកពីបណ្តាអង្គការអ៊ីស្លាមនៅឥណ្ឌូណេស៊ី និងដាច់ដោយឡែកមួយក្រុមផ្សេងទៀត ដែលមានគ្នារាប់ពាន់នាក់នៅគូឡាឡាំពួរ បានបង្ហាញពីការមិនឯកភាពរបស់ពួកគេ ជាមួយនឹងការសម្រេចចិត្តជាឯកតោភាគីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយអ្នកទាំងនោះបានកាត់បដា ដែលសរសេរថា «ហ្សេរុយសាឡឹម ពុំមែនជារដ្ឋធានីអ៊ីស្រាអែលឡើយ ហើយពួកយើងគាំទ្រប៉ាឡេស្ទីន»។ អ្នករៀបចំបាតុកម្មនេះ បានបញ្ជាក់ថា សកម្មភាពរបស់ពួកគេ គឺជាផ្នែកមួយនៃសំឡេងប្រឆាំងចំពោះ លោក ត្រាំ ដែលត្រូវបានធ្វើឡើង ដោយប្រជាជាតិដទៃៗទៀត នៅជុំវិញពិភពលោក។
គួររំលឹកថា នាសប្តាហ៍នេះប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចទទួលស្គាល់ របស់សហរដ្ឋអាមេរិកថា ទីក្រុងហ្សេរុយសាឡឹម គឺជារដ្ឋធានីអ៊ីស្រាអែល ខណៈឥណ្ឌូណេស៊ី ដែលជាប្រទេសមានអ្នកប្រតិបត្តិសាសនាធំជាងលើលោក ព្រមជាមួយនឹងប្រទេសម៉ាឡេស៊ី ជាប្រទេសជិតខាង និងតែងតែមានទំនាក់ទំនងល្អ ជាមួយអាមេរិករហូតមកនោះ បានប្រកាសថ្កោលធ្ងន់ៗចំពោះការសម្រេចចិត្តនេះ ហើយទទូចឲ្យលោក ត្រាំ ធ្វើការគិតគូរពិចារណាឡើងវិញឲ្យបានច្បាស់៕