Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អបអរសាទរ! Ronaldo ឈ្នះពានបាល់មាស Ballon d’Or ជាលើកទី៥ ស្មើកំណត់ត្រា Messi

08-12-2017 09:58

(ប៉ារីស)៖ កីឡាករបាល់ទាត់ឆ្នើមពិភពលោក Cristiano Ronaldo បានឈ្នះពានបាល់មាស Ballon d’Or របស់ FIFA ជាលើកទី៥ តាមទាន់កំណត់ត្រាកីឡាករអាហ្សង់ទីន Lionel Messi នៃក្លឹបអេស្ប៉ាញ FC Barcelona។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧ ថា កីឡាករសញ្ជាតិ ព័រទុយហ្គាល់ វ័យ៣២ឆ្នាំ Ronaldo ទទួលបានសំឡេងគាំទ្រច្រើនជាងគេ ឈ្នះដាច់គូប្រជែង Lionel Messi និង Neymar របស់ក្លឹបបារាំង Paris Saint-Germain ពីអ្នកសារព័ត៌មានកីឡានៅជុំវិញពិភពលោកប្រមាណ ១៧៣នាក់ក្នុងពិធីដែលបានប្រារព្ធធ្វើឡើងនៅវិមាន Eiffel Tower នៃប្រទេសបារាំងយប់មិញ។

អតីតកីឡាករលេងក្នុងតំណែងខ្សែប្រយុទ្ធ (Striker) ដែលចាប់ផ្តើមល្បីរន្ទឺក្នុងក្លឹបបិសាចក្រហម Manchester United រូបនេះ ត្រូវបានក្រុមអ្នកគាំទ្រ គ្រូបង្វឹក មិត្តរួមក្រុម និងអ្នកកាសែតកីឡាបោះឆ្នោតគាំទ្រ បន្ទាប់ពី Ronaldo បានជួយក្រុមយក្សអេស្ប៉ាញ Real Madrid ឈ្នះពាន La Liga និងការពារពានរង្វាន់អឺរ៉ុប UEFA Champions League បានសម្រេផងដែរកាលពីរដូវកាលមុន។

បុរសសង្ហាកម្ពស់ ១.៨៥ម៉ែត្រ Cristiano Ronaldo បានវិត្តន៍ខ្លួនក្លាយជាកីឡាករបាល់ទាត់អាជីពក្នុងក្លឹប Sporting Lisbon មុនផ្ទេរមកកាន់ Manchester United នៃឆ្នាំ២០០៣ បានឈ្នះពានបាល់មាស Ballon d’Or ជាលើកទី៥ ក្រោយឈ្នះ៤ដងរួមមកហើយនៅឆ្នាំ២០០៨ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៦ តាមរយៈបង្ហាញទម្រង់លេងល្អបំផុត និងបានជួយឲ្យជម្រើសជាតិរបស់ខ្លួនឈ្នះជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro នៅប្រទេសបារាំងកាលពីឆ្នាំ២០១៦ ផងដែរ មុនបញ្ចប់ចំណាត់ថ្នាក់ល្អបំផុតនៃវគ្គជម្រុះ ដើម្បីទៅលេង World Cup ឆ្នាំក្រោយនៅរុស្ស៊ី៕