Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក​ ស៊ី ជិនពីង ប្រាប់លោកឌូតឺតេ៖ ចិននឹងបន្តធ្វើការងារជាមួយអាស៊ាន ដើម្បីរក្សាសន្តិភាពនៅតំបន់សមុទ្រចិនខាងត្បូង

12-11-2017 12:25

(ដាណាង)៖ ប្រធានាធិបតីចិនលោក ស៊ី​ ជិនពីង បាននិយាយថា ទំនាក់ទំនងរវាងចិននិងហ្វីលីពីន កំពុងចាប់ផ្ដើមក្នុងដំណាក់កាលថ្មីមួយ ដោយលោកថែមទាំងសន្យាដែរថាទីក្រុង ប៉េកាំងនឹងបន្តធ្វើការងារជាមួយបណ្ដាប្រទេសអាស៊ានដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់បែបនេះ នៅអំឡុងជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នាឱកាសចូលរួមកិច្ចប្រជុំ APEC ក្នុងទីក្រុងដាណាង ប្រទេស វៀតណាមកាលពីថ្ងៃសៅរ៍។ ថ្លែងនាឱកាសនោះដែរ លោកស៊ី បានលើកឡើងថា ចាប់តាំងពីលោកឌូតឺតេ បំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេស កាលពីខែតុលា ឆ្នាំ២០១៦ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បាននិងកំពុងចាប់ផ្ដើមដំណាក់កាលថ្មីមួយដ៏ប្រសើរ។ ប្រធានាធិបតីចិនរូបនេះ បន្ថែមទៀតថា ការបង្កើនកិច្ចសហប្រតិបត្តិការរវាងចិននិង ហ្វីលីពីនមានការអភិវឌ្ឍន៍ប្រកបដោយស្ថេរភាព ដែលនឹងនំាផលប្រយោជន៍ឱ្យប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាចូលរួមចំណែកថែរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់។

គួរបញ្ជាក់ថា នៅក្នុងជំនួបជាមួយលោក ឌូតឺតេ លោក ស៊ី ជិនពីង បានសន្យាថាទីក្រុងប៉េកាំង នឹងបន្តធ្វើការងារជាមួយបណ្ដាប្រទេសអាស៊ាន ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍន៍ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ជាទីដែលចិនកំពុងមានជម្លោះដែនទឹកជាបណ្ដាប្រទេសអាស៊ានដូចជា ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់់៕