ដុតកម្តៅទៀតហើយ! លើកនេះ «នាវាដឹកយន្តហោះចម្បាំងអាមេរិក ០៣គ្រឿង» នឹងមកធ្វើសមយុទ្ធក្បែរឧបទ្វីបកូរ៉េ!
09-11-2017 11:39
(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍ថា នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកបីគ្រឿង គ្រោងនឹងចូលរួមធ្វើសមយុទ្ធដែនសមុទ្រ នៅក្បែរតំបន់ដែនទឹកឧបទ្វីបកូរ៉េ នៅចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ដោយមិនបញ្ជាក់ពីប្រភព ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ បានបញ្ជាក់ថា នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក នឹងចូលរួមធ្វើសមយុទ្ធយោធានៅក្នុងតំបន់ដែនទឹកអន្តរជាតិ ក្បែរតំបន់ឧបទ្វីបកូរ៉េ ហើយកងយន្ដហោះចម្បាំងអាមេរិក ក៏គ្រោងនឹងចូលរួមក្នុងសមយុទ្ធ ជាមួយកងនាវាកូរ៉េខាងត្បូងផងដែរ។ ដោយឡែក ជុំវិញសមយុទ្ធយោធានេះដែរ បើតាមកង វានាចម្បាំងអាមេរិកទី០៧ នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកបីគ្រឿងរួមមាន USS Ronald Reagan, USS Nimitz និង USS Theodore Roosevelt នឹងចូលរួមក្នុងសមយុទ្ធ យោធាក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។
គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ខាងលើ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ បញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង ជាទីដែលលោកបានប្ដេជ្ញាចិត្តការពារ ទីក្រុងសេអ៊ូលពីការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ ម្យ៉ាងវិញទៀត សមយុទ្ធយោធានឹងផ្ដោតសំខាន់លើ ការហ្វឹកហាត់ពីការពារដែនអាកាស ល្បាតសមុទ្រ និងការបណ្ដុះបណ្ដាលជាច្រើនទៀត។ នេះបើតាមកងវានាចម្បាំងអាមេរិកទី ៧ ប្រចាំតំបន់ប៉ាស៊ីហ្វិក៕