សេតវិមាន៖ «ស្ត្រីទាំង ១៦នាក់ ដែលចោទថា លោក ដូណាល់ ត្រាំ បានបៀតបៀនផ្លូវភេទពួកគេនោះ គឺជាការកុហកទាំងអស់»
28-10-2017 11:58
(វ៉ាស៊ីនតោន)៖ រាល់ស្រ្តីទាំងអស់ ដែលបានធ្វើការចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីបទបៀតបៀនផ្លូវភេទនោះ គឺសុទ្ធតែនិយាយកុហកគ្មានពិតសូម្បីតែមួយឡើយ។ នេះបើតាមសម្តីរបស់អ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ាហ៍ ហាក់កាប៊ី សេនដឺស៍ (Sarah Huckabee Sanders) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧។
ការអធិប្បាយខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោកស្រី Sanders ត្រូវបានក្រុមអ្នកសារព័ត៌មានជជីកសួរពី គោលជំហររបស់សេតវិមាន ជុំវិញបញ្ហាខាងលើ នៅអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន។ បើតាមការលើកឡើងរបស់អ្នកកាសែតនៅទីនោះ ក្នុងអំឡុងការធ្វើយុទ្ធនាការរកសំឡេងឆ្នោត ស្រ្តីយ៉ាងតិចចំនួន ១៦នាក់ បានចោទប្រកាន់លោកប្រធានាធិបតីអាមេរិកថា ធ្លាប់បានប្រព្រឹត្តអំពើបៀតបៀនផ្លូវភេទមកលើរូបពួកគេ។
គួររំលឹកថា កាលពីសប្តាហ៍មុនថ្លែងនៅសួនច្បារ Rose Garden ក្នុងសេតវិមាន លោក ដូណាល់ ត្រាំ ធ្លាប់បានច្រានចោលការចោទប្រកាន់ទាំងអស់នេះម្តងរួចមកហើយថា ជាព័ត៌មានក្លែងក្លាយ នៅពេលដែលរូបលោក ត្រូវបានគេសួរពីការចោទប្រកាន់របស់លោកស្រី សាំមើ ហ្សឺវ៉ូស (Summer Zervos) ជាអតីតបេក្ខនារីមួយនៃកម្មវិធីកម្សាន្តទូរទស្សន៍ «The Apprentice» ដែលលោក ត្រាំ ធ្លាប់ដឹកនាំ៕
-