Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជាចំនួន១០ បាននាំផលិតផលគុណភាពខ្ពស់ ឆ្លងដែនទៅចូលរួមកម្មវិធីពិពណ៌ពាណិជ្ជកម្មអាស៊ាន លើកទី៩ នៅកូរ៉េខាងត្បូង ក្រោមប្រធានបទ «រសជាតិ នៃសុភមង្គល»

25-10-2017 17:11

(កូរ៉េខាងត្បូង)៖ ពិពណ៌ទំនិញផ្នែកចំណីអាហារ ដែលរៀបចំដោយស្ថានទូត នៃបណ្ដាប្រទេសអាស៊ានទាំង១០ សហការជាមួយមជ្ឈមណ្ឌល អាស៊ាន-កូរ៉ គឺជាវេទិកាដែលផ្ដល់ឱកាសឲ្យក្រុមហ៊ុន នៃបណ្ដាប្រទេសអាស៊ាន នាំយកផលិផលរបស់ខ្លួនដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចូលទីផ្សាររបស់កូរ៉េ។

ជាមោទនភាពកម្ពុជា មានក្រុមហ៊ុនក្នុងស្រុកចំនួន១០ បានដាក់បង្ហាញនូវផលិតទំនិញ ការកែឆ្នៃចំណីអាហារ និងការវេចខ្ចប់ប្រកបដោយគុណភាព សុវត្ថិភាព និងសោភ័ណភាព ដោយគោរពបាននូវបទដ្ឋានជាតិ និងអន្ដរជាតិ ហើយសង្ឃឹមជឿជាក់ថានឹងទទួលបានការគាំទ្រពីសំណាក់ភ្ញៀវជាតិ និងអន្ដរជាតិ។ នេះបើតាមមន្រ្តីស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ។

មន្រ្តីស្ថានទូតបានបញ្ជាក់ថា «ក្នុងពិធីបើកជាផ្លូវការពិពណ៌ពាណិជ្ជកម្មអាស៊ាន នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នាមជាប្រធានប្ដូរវេណ នៃសមាគមទូតអាស៊ាននៅសាធារណរដ្ឋកូរ៉េ ឯកឧត្តម ឡុង ឌីម៉ង់ បានថ្លៃងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំស្ថាប័នកូរ៉េ និងបណ្ដាអង្គទូត នៃបណ្ដាប្រទេសអាស៊ាន ដែលបានខិតខំប្រឹងប្រែងរៀបចំ និងជម្រុញឲ្យកម្មវិធីនេះបានកើតឡើង និងប្រព្រឹត្តទៅដោយរលូន ហើយសំណូមពរឲ្យមានរៀបចំកាន់តែធំបន្ដទៀតនៅឆ្នាំក្រោយ»

គួរបញ្ជាក់ផងដែរថា ពិពណ៌ពាណិជ្ជកម្មអាស៊ាននៅសាធារណរដ្ឋកូរ៉េ រៀបចំឡើងនៅមជ្ឈមណ្ឌលពិពណ៌ និងសន្និសីទ COEX Exhibition Center នាទីក្រុងសេអ៊ូល ក្នុងរយៈពេល៤ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២៥ ដល់២៨ ខែតុលា ឆ្នាំ២០១៧៕