ផ្ទុះករណីដើរបាញ់រះ នៅក្នុងរដ្ឋកាលីហ្វរញ៉ា «ស្លាប់មនុស្ស ០២នាក់ និងរបួសជាច្រើននាក់ទៀត»
24-10-2017 15:41
(វ៉ាស៊ីនតោន)៖ មនុស្សពីរនាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងនោះរួមមានទាំងមន្ត្រីល្បាតផងដែរ នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនាថ្ងៃចន្ទ នៅឯតំបន់ ឡេក ខោនធី (Lake County) ស្ថិតនៅចំងាយ ១៤០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) នៃភាគខាងលិចរដ្ឋ កាលីហ្វរញ៉ា (California) សហរដ្ឋអាមេរិក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧។
ព័ត៌មានខាងលើនេះ ឲ្យដឹងទៀតថា លោក ប្រ៊ីយ៉ាន ម៉ាទីន (Brian Martin) សាកសពបុរសពីរនាក់ ត្រូវបានគេប្រទះឃើញនៅក្នុងផ្ទះមួយកន្លែង ដែលខ្មាន់កាំភ្លើងមានទំនាក់ទំនងជាមួយ។ លោក Martin បានឱ្យដឹងដែរថា ខ្មាន់កាំភ្លើងមាន ឈ្មោះ អាឡាន់ អាសម័រ (Alan Ashmore) មានអាយុ ៦១ឆ្នាំ ហើយរូបគេត្រូវបានចាប់ខ្លួន បន្ទាប់ពីបានបើកការបាញ់រះ លើហ្វូងមនុស្សនៅឯទីតាំងជាច្រើនកន្លែង ក្នុងនោះមានទំាងផ្ទះនៅក្បែរខាង ព្រមទាំងស្ថានីយ៍បញ្ចូលហ្គាសមួយផងដែរ។
គួរបញ្ជាក់ថា បើតាមលោក Brian Martin ខ្មាន់កាំភ្លើងឈ្មោះ Ashmore កំពុងជាប់ឃុំពីបទមនុស្សឃាត ដោយចេតនាលើបុរសពីរនាក់ខាងលើ និងបង្កឱ្យមនុស្សជាច្រើននាក់រងរបួស។ ប៉ុន្តែភ្លាមៗបែបនេះ អត្តសញ្ញាណជនរងគ្រោះ និងមូលហេតុនៃករណីបាញ់ប្រហារ មិនទាន់ត្រូវគេបញ្ជាក់នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងដំណើរការ៕