នាយករដ្ឋមន្ត្រីសិង្ហបុរី៖ «ខ្ញុំត្រៀមខ្លួនចុះចេញពីតំណែង បើសិនជាមានអ្នកអាចបន្តវេនពីខ្ញុំ ក្នុងការដឹកនាំគណៈរដ្ឋមន្ត្រី»
20-10-2017 09:53
(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀន លូង (Lee Hsien Loong) បាននិយាយថា លោកបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចុះចេញពីមុខតំណែងជាមេដឹកនាំប្រទេសសិង្ហបុរី ហើយថា អ្នកបន្តវេនពីលោកក៏ទំនងជាត្រៀមខ្លួនរួចដែរ ដើម្បីដឹកនាំគណៈរដ្ឋមន្ត្រី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។
លោក Lee Hsien Loong ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ ជាមួយស្ថានីយ៍ទូរទស្សន៍អាមេរិក CNBC កាលពីថ្ងៃព្រហស្បតិ៍។ ព្រមពេលជាមួយគ្នានោះដែរ ឆ្លើយតបទៅនឹងសំណួរដែល សួរថា តើលោកបានត្រៀមខ្លួន ចុះចេញពីតំណែងនៅប៉ុន្មានឆ្នាំខាងមុខទៀត ឬទេ? លោកនាយរដ្ឋមន្រ្តីសិង្ហបុរីរូបនេះ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំត្រៀមខ្លួនរួចហើយ... អ្វីដែលខ្ញុំត្រូវការធ្វើឱ្យ វាប្រាកដគឺមានអ្នកនឹងមកជំនួសតំណែងរបស់ខ្ញុំ ហើយអ្នកបន្តវេនពីខ្ញុំត្រូវតែត្រៀមខ្លួនបន្តតំណែងពីខ្ញុំ បន្ទាប់ពីការបោះឆ្នោតសកល»។
គួរបញ្ជាក់ថា បទសម្ភាសន៍រវាង លោក Lee Hsien Loong និងស្ថានីយ៍ទូរទស្សន៍អាមេរិក CNBC កើតមានឡើងមុនពេលលោក ត្រូវបំពេញដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ពីថ្ងៃ ទី២២ ដល់ថ្ងៃទី២៦ ខែតុលា ខាងមុខនេះតបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕