Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មូស្គូ៖ ការដាក់ពង្រាយប្រព័ន្ធមីស៊ីលអាមេរិក នៅរ៉ូម៉ានី គឺជាការគំរាមកំហែងរុស្ស៊ី

11-10-2017 23:47

(ម៉ូស្គូ)៖ ការដែលសហរដ្ឋអាមេរិក បានធ្វើការដាក់ពង្រាយ ប្រព័ន្ធបាញ់មីស៊ីលរបស់ខ្លួន នៅក្នុងមូលដ្ឋានទ័ព នៃប្រទេសរ៉ូម៉ានី គឺជាការរំលោភបំពានទាំងស្រុងទៅលើកិច្ចព្រមព្រៀង INF ដែលត្រូវបានចុះហត្ថលេខារវាងទីក្រុងវ៉ាស៊ីនតោន និងអតីតសហភាពសូវៀត កាលពីប៉ុន្មានទសវត្សរ៍មុន។ នេះបើតាមការលើកឡើងពីរដ្ឋាភិបាលទីក្រុងម៉ូស្គូ ដកស្រង់ដោយសារព័ត៌មាន រុស្ស៊ី Sputnik នៅយប់ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧។

លោក Georgiy Borisenko មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសរុស្ស៊ី បានថ្លែងក្នុងបទសម្ភាសន៍ជាមួយ Sputnik ថា តាមរយៈការដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅរ៉ូម៉ានី សហរដ្ឋអាមេរិក កំពុងតែរំលោភបំពានលើសន្ធិសញ្ញា INF ដែលត្រូវបានព្រមព្រៀងដោយភាគីទាំងសងខាង ហើយលោកបានចាត់ទុកទង្វើនេះថា ជាការបង្កការគំរាមកំហែងយ៉ាងខ្លាំង ដល់សន្តិសុខជាតិនៃប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា សន្ធិសញ្ញា INF ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីសូវៀតលោក Mikhail Gorbachev និងសមភាគីអាមេរិក លោក Ronald Reagan កាលពីឆ្នាំ១៩៨៧នោះ ហាមឃាត់ការអភិវឌ្ឍ, ការដាក់ពង្រាយ, និងការធ្វើតេស្ត ចំពោះប្រភេទមីស៊ីលផ្លោង ឬប្រដេញ ដែលបាញ់ចេញពីដីគោក និងមានរយៈចម្ងាយចន្លោះពី៤៨០ដល់៥,៤៧០គីឡូម៉ែត្រ។ ជុំវិញរឿងនេះ កាលពីពេលកន្លងទៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ ធ្លាប់បានចោទប្រកាន់គ្នាទៅវិញទៅមកជាដដែលៗ ថាបានធ្វើសកម្មភាពបំពានលើសន្ធិសញ្ញានេះរៀងៗខ្លួន៕