ប្រទេសរុស្ស៊ីអះអាងថា «នឹងកម្ទេចអាវុធគីមីរបស់ខ្លួនទាំងអស់ ៤០,០០០តោន នៅចុងខែកញ្ញានេះ» ដែលធ្វើឡើងមុនកាលកំណត់!
22-09-2017 13:51
(ម៉ូស្គូ)៖ មន្ត្រីរដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ឲ្យដឹងថា មហាអំណាចយោធាលំដាប់លេខ ២ លើលោកមួយនេះ នឹងរំសាយអាវុធគីមីរបស់ខ្លួនចោលទាំងអស់តែម្តង យ៉ាងហោចណាស់នៅចុងខែកញ្ញានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។
លោក មីឃែល បាប៊ីច (Mikhail Babich) ប្រធានគណៈកម្មការជាតិស្តីពីការលុបបំបាត់អាវុធគីមី បានបញ្ជាក់ប្រាប់សារព័ត៌មាននានាយ៉ាងដូច្នេះថា «កម្មវិធីបំផ្លាញ់ចោលនូវអាវុធគីមី រៀបចំឡើងដោយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវបញ្ចប់មុនកាលកំណត់។ ខ្ញុំគិតថា យើងនឹងបញ្ចប់វានៅចុងខែកញ្ញានេះតែម្តង បើទោះបីជាកាលកំណត់នៅរហូតដល់ទៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ក៏ដោយ»។
គួរបញ្ជាក់ថា កាលពីថ្ងៃដើមខែមីនាកន្លងទៅនេះ លោក Babich បានបង្ហាញតួលេខនៃអាវុធគីមីរហូតដល់ទៅជិត ៧០,៥០០តោន កំពុងស្ថិតនៅក្នុងឃ្លាំងស្តុក នៃបណ្តាប្រទេសនានាទូទាំងពិភពលោក ដោយក្នុងនោះប្រទេសរុស្ស៊ីមានអាវុធប្រភេទនេះច្រើនជាងគេ រហូតដល់ទៅ ៤០,០០០តោន, អាមេរិក ២៧,០០០តោន និងចំនួននៅសល់ទាំងប៉ុន្មាន គឺស្ថិតនៅតាមបណ្តាប្រទេសផ្សេងៗទៀត៕
http://img.thedailybeast.com/image/upload/d_placeholder_euli9k/dpr_2.0/c_limit,w_585/fl_lossy,q_auto/v1/articles/2013/09/11/is-putin-a-big-assad-supplier-seriously-going-to-disarm-him/130910-chemical-weapons-putin-lake-tease_cexfk9