យុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលអាមេរិក! ប្រទេសរុស្ស៊ី និងចិន «ព្រមព្រៀងធ្វើការអភិវឌ្ឍ តំបន់ភាគខាងកើតបំផុត»
09-09-2017 12:33
(ម៉ូស្គូ)៖ ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូនាថ្ងៃសុក្រនេះបានព្រមព្រៀងគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ សំដៅងាកទៅការអភិវឌ្ឍតំបន់ចុងភាគខាងកើត (Far East) ដែលទីតាំងយុទ្ធសាស្រ្តដ៏សំខាន់បំផុតមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧។
កិច្ចព្រមព្រៀងខាងលើបានកើតមានឡើង នៅក្នុងកិច្ចប្រជុំរវាងឧបនាយករដ្ឋមន្រ្តីចិន លោក វ៉ាង យ៉ាង (Wang Yang) និងឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក យូរី ទ្រូតនេវ (Yury Trutnev) នៅទីក្រុង ខាបារ៉ូវក៍ (Khabarovsk) ស្តីពីកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល រវាងតំបន់ភាគឦសានរបស់ចិន និងតំបន់ចុងភាគខាងកើតរបស់រុស្ស៊ី។
គួរបញ្ជាក់ថា តំបន់យុទ្ធសាស្រ្តខាងលើនេះ គឺស្ថិតនៅកៀកសហរដ្ឋអាមេរិក និងក្បែរប្រទេសកូរ៉េខាងជើង ថែមទៀត ដែលកំពុងតែមានភាពតានតឹង ជាមួយទីក្រុងវ៉ាស៊ីនតោន។ ម៉្យាងវិញទៀត ការងាកទៅផ្តោតសំខាន់ លើការអភិវឌ្ឍនៅតំបន់ Far East បែបនេះ ក៏អាចជាចេតនារបស់រុស្ស៊ី និងចិនក្នុងការទប់ស្កាត់ឥទ្ធិពលរបស់ អាមេរិកមកលើតំបន់អាស៊ីបូព៌ាផងដែរ៕