ព័ត៌មានក្តៅ! ភេរវករ ១០០នាក់ «បើកការវាយលុកភាគខាងជើងមីយ៉ាន់ម៉ា» បណ្តាលឲ្យអ្នកភូមិ ០៥នាក់ស្លាប់ នាំឲ្យចំនួនអ្នកស្លាប់កើនដល់ ១១០នាក់!
29-08-2017 10:40
(រ៉ង់ហ្គូន)៖ អ្នកភូមិនៅក្នុងរដ្ឋរ៉ាឃីន ភាគខាងជើងប្រទេសមីយ៉ាន់ចំនួន ០៥នាក់ បានស្លាប់បន្ទាប់ពីក្រុមភេរវករជ្រុលនិយមដែលមានគ្នាប្រមាណ ១០០នាក់ បានបើកការវាយប្រហារទៅលើរដ្ឋដ៏អសន្តិសុខមួយនេះ កាលពីចុងសប្តាហ៍មុន ដែលសរុបក្នុងរយៈពេលតែបីថ្ងៃប៉ុណ្ណោះ មនុស្សស្លាប់ក្នុងអំពើហិង្សា និងការវាយប្រហារដោយភេរវករ បានកើនឡើងដល់ចំនួន ១១០នាក់ឯណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ដែលទើបទទួលបានព័ត៌មានលម្អិតនៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។
សារព័ត៌មានបានបន្តទៀតថា ក្រុមភេរវករបានប្រើប្រាស់កាំបិត និងដំបងវាយប្រហារទៅលើក្រុមអ្នកភូមិបណ្តាលឲ្យ ០៥នាក់ស្លាប់ នៅហ្នឹងកន្លែងកើតហេតុ ខណៈជាច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល។ ជាសំណាងល្អកងកម្លាំងរក្សាសន្តិសុខមីយ៉ាន់ម៉ា បានទៅដល់កន្លែងកើតហេតុ ទើបអាចសង្គ្រោះបានប្រជាជនសរុប ៥៥នាក់ ដែលកំពុងរងការគំរាមកំហែងខ្លាំង ដោយក្រុមភេរវករជ្រុលនិយមទាំងនោះ។
គួរបញ្ជាក់ថា រហូតមកទល់នឹងថ្ងៃចន្ទដើមសប្តាហ៍នេះ អំពើហិង្សាត្រូវបានគេរាយការណ៍ថា នៅតែបន្តនៅឡើយនៅក្នុងរដ្ឋរ៉ាឃីន ភាគខាងជើងនៃសហភាពមីយ៉ាន់នេះ ហើយសំឡេងផ្ទុះអាវុធ និងគ្រាប់បែកច្នៃក៏នៅតែបន្តលាន់លឺកងរំពងផងដែរ។ សម្រាប់ភូមិដែលរងគ្រោះធ្ងន់ជាងគេនោះ គឺភូមិ ម៉ងត (Maungtaw) ដែលប៉ូលិសមួយចំនួនបានទទួលរងរបួស ក្នុងការព្យាយាមបង្ក្រាបក្រុមភេរវករ។
អំពើហិង្សានៅក្នុងរដ្ឋរ៉ាឃីនតែងតែផ្ទុះឡើងជារឿយៗ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយគិតតែរយៈពេលបីថ្ងៃចុងសប្តាហ៍មុននេះប៉ុណ្ណោះ អំពើហិង្សា និងការវាយប្រហារដោយក្រុមភេរវករជ្រុលនិយម បានបណ្តាលឲ្យមនុស្សស្លាប់សរុប ១១០នាក់ ទៅហើយ៕