បើអត់ប្រយ័ត្ននឹងផ្ទុះជម្លោះ! កងទ័ពចិនគប់ដុំថ្មដាក់កងទ័ពឥណ្ឌា នៅតំបន់ព្រំដែនជម្លោះ បង្កឲ្យស្ថានការណ៍រឹតតែតានតឹង!
16-08-2017 16:20
(ញូដេលី)៖ កងទ័ពឥណ្ឌា និងចិនបានប៉ះទង្គិចគ្នាមួយប្រ៉ាវក្នុងតំបន់ជម្លោះមួយកន្លែង នៅលើជួរភ្នំហិម៉ាល័យ (Himalayas) ដែលប្រការនេះ បានដុតបញ្ឆេះភាពតានតឹងថែមទៀត ក្នុងអំឡុងនៃការប្រឈមមុខគ្នារាប់ខែ រវាងកម្លាំងយោធានៃមហាយក្សអាស៊ីទាំងពីរ នៅតាមព្រំដែន។ នេះបើតាមការអះអាងពីមន្រ្តីយោធាឥណ្ឌា ដកស្រង់សម្តីដោយសារព័ត៌មាន Channle News Asia នៅរសៀលថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។
មន្រ្តីយោធាឥណ្ឌាម្នាក់ដែលមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កងទ័ពចិនបានយកដុំថ្មចោលមកលើកងទ័ពឥណ្ឌា នៅក្បែរបឹង ផាហ្គុង (Pangong) ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌា នៅក្នុងតំបន់ភ្នំ ឡាដាក់ (Ladakh) កាលពីថ្ងៃអង្គារម្សិលមិញ។ មន្រ្តីរូបនេះបានអះអាងថា ក្រុមទាហានចិន បានព្យាយាមពីរលើក ដើម្បីជ្រៀតចូលមកក្នុងដែនដីរបស់ឥណ្ឌា ក៏ប៉ុន្តែត្រូវបានបណ្តេញចេញទៅវិញ។ ប្រភពដដែលបានបន្តថា មានហេតុការណ៍តូចតាចមួយបានកើតឡើង ដោយមានការគប់ដុំថ្មពីខាងប្រទេសចិន ក៏ប៉ុន្តែភ្លាមៗស្ថានការណ៍ ក៏ស្ថិតក្រោមការគ្រប់គ្រងជាធម្មតាវិញ បន្ទាប់ពីភាគីទាំងសងបានដកថយចេញឆ្ងាយពីគ្នា វិលទៅរកទីតាំងដើមរៀងៗខ្លួន។
ប៉ូលិសនៅក្នុងរដ្ឋ ចាំមូ (Jammu) និង កាស្មៀ (Kashmir) ជាទីដែលភ្នំ Ladakh តាំងនៅនោះ បានលើកឡើងថា ការប៉ះទង្គិចគ្នាបែបនេះ គឺជាសុទ្ធសឹងតែជារឿងធម្មតាទៅហើយ នៅតាមតំបន់ព្រំដែនដែលត្រូវបានគេស្គាល់ថា Line of Actual Control ឬ LAC ហើយទោះបីជាលើកនេះមើលទៅ ដូចជាយ៉ាប់យឺនជាងហេតុការណ៍រាល់ដងយ៉ាងណាក្តី ពុំមានការប្រើប្រាស់អាវុធបោះឡើយពីភាគីទាំងសងខាង។
គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង ចំពោះពេលដែលឥណ្ឌា និងចិនកំពុងតែមានបញ្ហាវិវាទព្រំដែនយ៉ាងក្តៅគគុក នៅក្នុងតំបន់ខ្ពស់រាបយុទ្ធសាស្រ្ត Doklam ដែលស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីតំបន់ប៉ះទង្គិចគ្នានេះ ជាទីដែលកងទ័ពឥណ្ឌា និងចិនរាប់រយនាក់ បាននិងកំពុងតែប្រឈមមុខដាក់គ្នា អស់រយៈពេលជាងពីរខែមកហើយ៕