សហរដ្ឋអាមេរិក៖ «សូមអាជ្ញាធរចិនជួយការពារជនភៀសខ្លួន ដែលបានរត់គេចចេញពីកូរ៉េខាងជើងផង» (Video inside)
25-07-2017 10:51
(សេអ៊ូល)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានទទូចឲ្យគ្រប់បណ្តាប្រទេសទាំងអស់ ជាពិសេសនោះគឺចិនតែម្តង ឲ្យចូលរួមសហការគ្នា ដើម្បីការពារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោនកូរ៉េខាងជើង ដែលស្ថិតនៅក្នុងទឹកដីរបស់ពួកគេ។ នេះបើតាមសេចក្តីរាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។
លោកស្រី Katina Adams អ្នកនាំពាក្យការិយាល័យទទួលបន្ទុក កិច្ចការតំបន់ប៉ាស៊ីហ្វិក និងអាស៊ីខាងកើត នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានធ្វើការគូសបញ្ជាក់បែបនេះ នៅក្នុងអំឡុងបទសម្ភាសន៍មួយតាមប្រព័ន្ធទូរស័ព្ទ ខណៈពេលកំពុងធ្វើការអត្ថាធិប្បាយ ជុំវិញការបដិសេធកាលពីពេលថ្មីៗនេះរបស់ចិន ចំពោះការអំពាវនាវរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ UN ឲ្យបញ្ឈប់ការបញ្ជូនជនដែលបានរត់គេចពីកូរ៉េខាងជើង ទៅកាន់មាតុប្រទេសរបស់ពួកគេវិញ។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានបញ្ជាក់ម្តងទៀត ពីគោលជំហររបស់រដ្ឋាភិបាលទីក្រុងប៉េកាំងថា ជនរត់ចោលស្រុក គឺមិនមានជាជនភៀសខ្លួននោះឡើយ ហើយលោក Lu បានលើកឡើងថា ចិនបានធ្វើការដោះស្រាយយ៉ាងត្រឹមត្រូវ ជាមួយជនទាំងឡាយ ដែលបានឆ្លងព្រំដែនដោយខុសច្បាប់ តាមគោលការណ៍មនុស្សធម៌ ក៏ដូចជាច្បាប់ក្នុងប្រទេស និងច្បាប់អន្តរជាតិ៕