Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង ជុំទី០២ ចាប់ផ្ដើមជាផ្លូវហើយ!

07-05-2017 13:15

(ប៉ារីស)៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទី០២ បានចាប់ផ្ដើមជាផ្លូវការហើយ ក្រោមការរឹតបន្តឹង សន្តិសុខកាន់តែខ្លាំងជាងមុន ដោយមានកងកម្លាំងច្រើនជាង ៥០០០០នាក់ ត្រូវបានដាក់ពង្រាយការពារសុន្តិសុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០១៧។

ការរិយាល័យបោះឆ្នោតប្រមាណ ៦៦៥៤៦ បានបើកទ្វារនៅព្រឹកម៉ោង៨ ថ្ងៃអាទិត្យនេះ (ម៉ោងនៅក្នុងប្រទេសបារាំង) រហូតដល់ម៉ោង ៧ឬ ៨យប់ ដើម្បីឱ្យប្រជាជនបារាំងជិត៤៧លាននាក់ សម្រេចចិត្តជ្រើសរើសជាលើកចុងក្រោយ រវាងបេក្ខជនប្រធានាធិបតីបារាំងទំាងពីររូប គឺលោក Emmanuel Macron និងលោកស្រី Marine Le Pen សម្រាប់ដឹកនាំបារាំង បន្តរយៈពេល០៥ឆ្នាំ ជំនួសប្រធានាធិបតីបច្ចុប្បន្ន លោក ហ្រ្វង់ស័រ ហូឡង់។ ដោយឡែក ទាក់ទិននឹងការបោះឆ្នោតនេះដែរ ការស្ទង់មតិជាច្រើន នៅតែបង្ហាញថាលោក Macron មានលទ្ធភាពខ្ពស់ថាអាចនឹងជាប់ ឆ្នោតក្លាយជាប្រធានាធិបតីបារំាង។ ក៏ប៉ុន្តែយ៉ាងណា នេះគ្រាន់តែជាការស្ទង់មតិប៉ុណ្ណោះ ខណៈលោកស្រី Le Pen ត្រូវបានគេចាត់ទុកជាដូណាល់ ត្រាំបារាំង ដោយសារតែ គោលនយោបាយមានលក្ខណៈ រើសអើងជាតិសាសន៍ ចង្អៀតចង្អល់ គាំពារនិយម ដែលទំាងនេះ ធ្វើឱ្យគេនឹងដល់ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដោយនៅកាលណោះ អ្នកជំនាញភាគច្រើនសុទ្ធតែយល់ថា លោកស្រីហ៊ីលឡារី គ្លីនតុន គឺជាឈ្នះ។

គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី២ មិនមែនសំខាន់ត្រឹមតែសម្រាប់នយោបាយបារាំង និងប្រជាជនបារាំងនោះទេ តែវាក៏ពាក់ព័ន្ធផងដែរនឹងជោគ វាសនា របស់សហភាពអឺរ៉ុបទំាងមូល ត្បិតលោកស្រី Le Pen សន្យាថានឹងរៀបចំការបោះឆ្នោតប្រជាមតិ ឱ្យបារាំងចាកចេញពីសហភាពអឺរ៉ុប, ឈប់ចាយអឺរ៉ូ, ងាកមកចាយលុយហ្វ្រង់វិញ, បិទព្រំដែន, គាំពារនិយម ដែលទំាងនេះ សុទ្ធសឹងតែជាគោលនយោបាយ ជះឥទ្ធិលអវិជ្ជមានដល់ សេដ្ឋកិច្ចអឺរ៉ុប ក៏ដូចជាតម្លៃប្រជាធិបតេយ្យអឺរុប និងបារំាងខ្លួនឯង៕