ផ្ទុះ-បាក់អណ្តូងរ៉ែដ៏កក្រើកនៅអ៊ីរ៉ង់ «បង្កមនុស្សស្លាប់ ៣៥នាក់ និងរបួស ៥០នាក់»
04-05-2017 14:45
(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ Mehr បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៣៥នាក់ បានស្លាប់ និងប្រមាណ៥០នាក់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះអណ្ដូងរ៉ែ Zemestanyurt ស្ថិតនៅភាគឦសាននៃខេត្ត Golestan ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងទៀតថា ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងកាលពីថ្ងៃពុធ ដោយបណ្ដាលឱ្យកម្មកររ៉ែ ៩០នាក់ ត្រូវជាប់គាំងនៅក្រោមអណ្ដូងរ៉ែ រីឯមនុស្ស២០នាក់ត្រូវបានជម្លៀស និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈមនុស្ស២៥នាក់ផ្សេងទៀត ដែលព្យាយាមជួយអ្នកជាប់នៅក្រោមអណ្ដូងរ៉ែ ក៏ត្រូវបានបញ្ជូនទីកាន់មន្ទីរពេទ្យផងដែរ។
គួរបញ្ជាក់ថា អណ្ដូងរ៉ែ Zemestanyurt មានកម្មករជិត ៥០០នាក់ កំពុងបម្រើការនៅទីនោះ ហើយមូលហេតុដែលនាំឲ្យផ្ទុះឧស្ម័ននៅក្នុងអណ្ដូងរ៉ែ ក៏ពុំទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់នៅឡើយទេ៕