Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីអាមេរិក៖ មហាយក្សចិនកំពុងជួយពួកយើងដោះស្រាយបញ្ហាកូរ៉េខាងជើង

30-04-2017 14:53

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយជាថ្មីថា មហាយក្សចិនកំពុងជួយ ឬអាចនឹង​ជួយសហរដ្ឋអាមេរិក ក្នុងការដោះ ស្រាយជាមួយកូរ៉េខាងជើង ហើយដែលការលើកឡើងបែបនេះធ្វើឡើង បន្ទាប់ពីទីក្រុង​ព្យុងយ៉ាង បាញ់សាកល្បងគ្រាប់មីស៊ីល តែបរាជ័យ កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។

ថ្លែងនាឱកាសប្រារព្ធការកាន់តំណែងគំរប់ ១០០ថ្ងៃដំបូង លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖ «សហរដ្ឋអាមេរិក និងចិនមិនសប្បាយសោះ ឡើយ ចំពោះការសាកល្បងអាវុធនុយក្លេអ៊ែរ ហើយទីក្រុងប៉េកាំង កំពុងជួយ ឬអាចនឹងជួយយើងដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង»។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យ៉ី ក៏បាននិយាយដែរថា ការដោះស្រាយបញ្ហានុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ មិនអាស្រ័យ ទៅលើកណ្ដាប់ដៃរបស់ចិន តែម្នាក់នោះទេ។ ជាងនេះទៅទៀត ព្រមពេលដែលលោក ត្រាំ បន្ទន់ឥរិយាបថ ទីក្រុងវ៉ាស៊ីនតោន បែរជា បញ្ជូននាវាចម្បាំងអាមេរិក USS Carl Vinson ទៅដល់តំបន់ក្បែរដែនទឹកឧបទ្វីបកូរ៉េហើយ ជាទីដែលពួកគេ បានផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង ធ្លាប់បានអំពាវនាវជារឿយៗ ឱ្យកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បញ្ឈប់ការធ្វើសមយុទ្ធយោធា រីឯទីក្រុងព្យុងយ៉ាង ក៏បានព្រមានដែរថា ខ្លួននឹងបាញ់ពន្លិចនាវា USS Carl Vinson បើសិនជាហ៊ានចូលមកក្នុងតំបន់ក្បែរ ដែនទឹកឧបទ្វីបកូរ៉េ។ ដោយឡែក បើតាម ទីក្រុងវ៉ាស៊ីនតោន ចិនបានប្រាប់កូរ៉េខាងជើងរួចហើយថា បើសិននៅតែចចេស សាកល្បងអាវុធនុយក្លេអ៊ែរ នោះខ្លួននឹងដាក់ទណ្ឌកម្មឯកតោភាគី ប្រឆាំងនឹងសម្ព័ន្ធមិត្តយូរអង្វែងរបស់ខ្លួនមួយនេះ៕