Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រថៃ នឹងឡាយព្រះហស្ថហត្ថលេខាលើរដ្ឋធម្មនុញ្ញថ្មី ពង្រឹងអំណាចព្រះអង្គបន្ថែមទៀត នៅសប្ដាហ៍នេះ

03-04-2017 22:33

(បាងកក)៖ ព្រះមហាក្សត្រថៃទ្រង់ Maha Vajiralongkorn នឹងឡាយព្រះហស្ថហត្ថលេខាលើរដ្ឋធម្មនុញ្ញថ្មី នៅក្នុងសប្ដាហ៍នេះ ដែលនេះអាចជាជំហ៊ានមួយ ឆ្ពោះទៅរកការរៀបចំការបោះឆ្នោត តាមការសន្យារបស់រដ្ឋាភិបាលយោធាថៃ ចាប់តាំងពីមានរដ្ឋប្រហារ កាលពីឆ្នាំ២០១៤។ នេះបើតាមព្រះបរមរាជវាំងថៃ ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។

រដ្ឋាភិបាលយោធាថៃ បានអនុម័តលើរដ្ឋធម្មនុញ្ញថ្មី តាមរយៈការបោះឆ្នោតប្រជាមតិកាលពីខែសីហា ឆ្នាំ២០១៦ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ខាងព្រះបរមរាជ វាំងបានស្នើសុំឱ្យកែប្រែមាត្រាមួយចំនួន គួរឱ្យកត់សម្គាល់នោះគឺការអនុញ្ញាតឱ្យព្រះមហាក្សត្រថៃ អាចយាងទៅបរទេស ដោយមិនចាំបាច់មានការតែងតាំងរាជានុសិទ្ធិ។ ចំណែកឯ មាត្រាដែលត្រូវកែប្រែ ស្នើដោយរដ្ឋាភិបាលយោធា និងសភាជាតិថៃ ពុំទាន់ត្រូវបានគេទម្លាយជាសាធារណៈនៅឡើយទេ ស្របពេលគេជឿជាក់ថា ផ្អែកលើរដ្ឋធម្មនុញ្ញនេះ ទ្រង់ Maha Vajiralongkorn អាចនឹងមានអំណាចខ្លាំងជាងព្រះបិតា ទ្រង់ Bhumibol Adulyadej ទៅទៀត។

គួរបញ្ជាក់ថា បើតាមព្រះបរមរាជវាំងថៃ ព្រះមហាក្សត្រ Maha Vajiralongkorn នឹងឡាយព្រះហស្ថហត្ថលេខានៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះលើរដ្ឋធម្មនុញ្ញថ្មី​ នៅក្នុងឱកាសនៃការរៀបចំពិធីបុណ្យជាតិប្រចាំឆ្នាំ នៃការបង្កើតរាជវង្សចក្រី កាលពីជាង២៣៥ឆ្នាំមុន៕