Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហៅថាការអត្ថាធិប្បាយ របស់អគ្គរដ្ឋទូតកូរ៉េខាងជើង ជារបៀបការទូតឈ្លើយបំផុត!

21-02-2017 21:22

(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ នៅថ្ងៃអង្គារនេះ បាននិយាយថា ការអត្ថាធិប្បាយ របស់អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំទីក្រុង គូឡាឡាំពួរ ពាក់ព័ន្ធនឹងការស៊ើបអង្កេតនៃប៉ូលិសម៉ាឡេស៊ី លើករណីឃាតកម្មលើ លោក គីម ជុងណាំ គឺជារបៀបការទូតឈ្លើយបំផុត។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia​ នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រតិកម្មរបស់លោក រ៉ាហ្សាក់ ធ្វើឡើងបន្ទាប់ពី លោក គីម ចុល អគ្គរដ្ឋទូតកូរ៉េខាងជើង បានចាត់ទុកថាការស៊ើបអង្កេត ដោយប៉ូលិសម៉ាឡេស៊ី មិនអាចទុក ចិត្តបាននោះទេ។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានលើកឡើងដូច្នេះថា៖ «សេចក្ដីថ្លែងការណ៍របស់អគ្គរដ្ឋទូតកូរ៉េខាងជើង គឺជារឿងមិនអាចទទួលយកបានទាំងស្រុង (...) នេះគឺជារបៀបការទូតឈ្លើយបំផុត។ ក៏ប៉ុន្តែម៉ាឡេស៊ី នឹងនៅតែប្រកាន់គោលជំហររ៉ឹងមំាជានិច្ច»

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន លោក គីម ជុងណាំ ត្រូវបានគេបំពុលឱ្យស្លាប់ នៅឯព្រលានយន្ដហោះ អន្តរជាតិទីក្រុងគូឡាឡាំពួរ កាលពី ថ្ងៃទី១៣ ខែកុម្ភៈ ហើយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជឿជាក់ថាកូរ៉េខាងជើង ជាអ្នកនៅពីក្រោយអំពើឃាតកម្មនេះ៕