ចិនអំពាវនាវជាថ្មី ឲ្យលោក ដូណាល់ ត្រាំ «គោរពនយោបាយចិនតែមួយ» បន្ទាប់ពីការស្បថឡើងកាន់តំណែង ប្រធានាធិបតីអាមេរិក!
23-01-2017 17:49
(ប៉េកាំង)៖ ប្រទេសចិនបានចេញសេចក្តីអំពាវនាវមួយ ទៅកាន់រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ឲ្យមានការស្វែងយល់ពីសារៈសំខាន់នៃនយោបាយ «ចិនតែមួយ» ដែលត្រូវតែគោរពពាក់ព័ន្ធទៅនឹងបញ្ហាជាមួយកោះតៃវ៉ាន់។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia នាល្ងាចថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ការអំពាវនាវជាផ្លូវការពីសំណាក់ប្រទេសចិននេះ បានធ្វើឡើងរយៈពេលពីរថ្ងៃបន្ទាប់ពីលោក ដូណាល់ ត្រាំ បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក ដោយគ្រប់គ្នាបានដឹងយ៉ាងច្បាស់ថា លោក ត្រាំ មិនពេញជាយូរណាស់មកហើយចំពោះប្រទេសចិន ជាពិសេសទៅលើវិស័យពាណិជ្ជកម្ម ដែលលោកបានចោទចិនថាដើរខ្សែលើអាមេរិករហូត។
រំលឹកកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ លោក ត្រាំ ធ្លាប់បាននិយាយទូរស័ព្ទដោយផ្ទាល់ជាមួយលោកស្រី ត្សៃ អ៊ីងវិន ប្រធានាធិបតីកោះតៃវ៉ាន់ថែមទៀត ដែលវាជាការបំបែកប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលប្រធានាធិបតីមុនៗមិនដែលមានទំនាក់ទំនងដោយបើកចំហ ជាមួយកោះតៃវ៉ាន់នោះឡើយ ក៏ព្រោះតែខ្លួនបានចុះហត្ថលេខាអនុវត្តន៍នយោបាយចិនតែមួយ កាលពីអំឡុងចុងទសវត្សរ៍ ១៩៧០ នោះ។
ប្រទេសចិនជារឿយៗតែងតែក្រើនរំឮកទៅដល់គ្រប់គ្នា ជាពិសេសអាមេរិកដូច្នេះថា កោះតៃវ៉ាន់ និងចិនគឺជាចិនតែមួយ ហើយចិនចាត់ទុកតៃវ៉ាន់គ្រាន់តែ ជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ហើយបើសិនជាមានស្ថានការណ៍ណាមួយមិនស្រួលកើតឡើង ចិនមានសិទ្ធិប្រើប្រាស់កម្លាំងក្រសោបគ្រប់គ្រងកោះនេះទាំងស្រុងតែម្តង៕