FBI ចាប់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុនផលិត រថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ Volkswagen ពីបទក្លែងបន្លំបច្ចេកវិទ្យានៅអាមេរិក
09-01-2017 15:57
(វ៉ាស៊ីនតោន)៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បានឃាត់ខ្លួននាយកប្រតិបត្តិ ក្រុមហ៊ុនផលិតរថយន្ដអាល្លឺម៉ង់ Volkswagen (សាខាសហរដ្ឋអាមេរិក) ពីបទចោទប្រកាន់ថាបានចូលរួមក្លែងបន្លំនៅសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងរឿងអាស្រូវតម្លើងបច្ចេកវិទ្យាបំភ័ន្ដការធ្វើតេស្ដរកសារធាតុបំពុលបរិយាកាស នៅលើរថយន្ដប្រើប្រាស់ម៉ាស៊ូត។ នេះបើតាមកាសែត New York Times ដែលចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។
យោងតាមប្រភពដែល New York Times ទទួលបាននាយកប្រតិបត្តិក្រុមហ៊ុន Volkswagen លោក Oliver Schmidt ដែលបានដឹកនាំការិយាល័យនិយ័តកម្មរបស់ ក្រុមហ៊ុនផលិតរថយន្ដអាល្លឺម៉ង់មួយនេះ នៅសហរដ្ឋអាមេរិកពីឆ្នាំ២០១៤ ដល់ខែមីនា ឆ្នាំ២០១៥ ត្រូវបាន FBI ចាប់ខ្លួនកាលពីថ្ងៃសៅរ៍កន្លងទៅ ក្នុងរដ្ឋផ្លូរីដា ហើយលោកត្រូវបានគេរំពឹងថាអាចនឹងបង្ហាញខ្លួនចំពោះមុខតុលាការនៅថ្ងៃចន្ទនេះ។ ប៉ុន្តែ FBI និងក្រុមហ៊ុន Volkswagen មិនទាន់ធ្វើការអត្ថាធិប្បាយពាក់ព័ន្ធនឹងការលើកឡើងនេះឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមករា កន្លងទៅ តុលាការកូរ៉េខាងត្បូង ក៏បានផ្តន្ទាទោសនាយកប្រតិបត្តិក្រុមហ៊ុន Volkswagen ប្រចាំតំបន់ម្នាក់ផងដែរពីបទបង្កើតឯកសារប្រឌិត រំខានដល់ការងារអាជ្ញាធរ និងរំលោភលើច្បាប់បរិស្ថាននៅកូរ៉េខាងត្បូង៕