សហរដ្ឋអាមេរិក «ថ្កោលទោសអំពើភេរវកម្មនៅតួកគី» បន្ទាប់ពីខ្មាន់កាំភ្លើង ស្លៀកខោអាវតាណូអែល បាញ់រះក្នុងក្លឹបរាត្រីឆ្លងឆ្នាំ ស្លាប់ ៣៥នាក់ និងរបួសជាង ៤០នាក់
01-01-2017 10:12
(វ៉ាស៊ីនតោន)៖ សេតវិមានអាមេរិកបានប្រកាស ថ្កោលទោសក្នុងកម្រិតធ្ងន់បំផុតចំពោះ អំពើភេរវកម្មនៅប្រទេសតួកគី ដែលខ្មាន់កាំភ្លើងម្នាក់ ស្លៀកខោអាវតាណូអែល បានធ្វើការបាញ់រះនៅក្នុងក្លឹបកម្សាន្តរាត្រី ថ្ងៃឆ្លងឆ្នាំសកលក្នុងទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួកគីបានសម្លាប់ជីវិតមនុស្ស ៣៥នាក់ និងជាង ៤០ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងមិនទាន់ត្រូវបានអាជ្ញាធរ បញ្ជាក់អត្តសញ្ញាណនោះទេ ហើយរដ្ឋាភិបាលតួកគី ក៏មិនទាន់បានចោទទៅលើក្រុមភេរវករណាមួយ ថាជាអ្នកស្ថិតនៅពីក្រោយរឿងនេះនៅឡើយដែរ។ ដោយឡែកក្រៅពីការថ្កោលទោសនេះ សហរដ្ឋអាមេរិកដែលកំពុងតែមានទំនាក់ទំនងមិនល្អ ជាមួយនឹងតួកគីស្រាប់ បានហៅការវាយប្រហារនោះថាជាហេតុការណ៍ ដ៏គួរឲ្យរន្ធត់បំផុត៕