វៀតណាម៖ ដីបាក់សង្កត់ផ្ទះរាប់សិបខ្នង នៅភាគកណ្ដាលប្រទេស បង្កឲ្យមនុស្ស ០២នាក់ស្លាប់ និង១០នាក់របួស
20-12-2016 16:24
(ហាណូយ)៖ គ្រោះរអិលបាក់ដីមួយបានកើតឡើងនៅទីក្រុង Nha Trang នៃខេត្ត Khanh Hoa ភាគកណ្ដាលប្រទេសវៀតណាម បានសម្លាប់មនុស្សយ៉ាងហោចណាស់ពីរនាក់ ខណៈ១០នាក់ផ្សេងទៀតបានរងរបួសរីឯផ្ទះ ២០ខ្នងត្រូវបានបំផ្លាញទាំងស្រុង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។
លោក Ngo Khac Thinh ជាអនុប្រធានការិយាល័យគ្រប់គ្រងទីក្រុង Nha Trang បានប្រាប់សារព័ត៌មាននៅក្នុងស្រុកថា ផ្អែកលើព័ត៌មានបឋមមនុស្សពីរនាក់បានស្លាប់ ចំណែកឯអ្នករងរបួសទាំង ១០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកបើតាម ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យខេត្ត Khanh Hoa គឺលោក Nguyen Duc Quynh ជនរងគ្រោះទាំងពីរម្នាក់ជាមនុស្សចាស់ និងម្នាក់ទៀតជាក្មេងអាយុ០៤ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានស្លាប់បន្ទាប់ពីត្រូវក្រុមអ្នកជួយសង្គ្រោះទាញចេញផ្ទះបាក់បែកក្រោមគំនរដី។
គួរបញ្ជាក់ថារដ្ឋាភិបាលវៀតណាមបានបញ្ជូនប៉ូលិស និងកងទ័ពរាប់រយនាក់ រួមទាំងយានយន្ដជាច្រើនគ្រឿងទៅកាន់តំបន់រងគ្រោះដើម្បីធ្វើប្រតិបត្តិការជួយសង្រ្គោះ៕