Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតប្រធាន FIFA លោក Blatter បរាជ័យក្នុងការប្តឹងជំទាស់បម្រាម ៦ឆ្នាំ

05-12-2016 22:17

(ស្វីស)៖ អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក លោក Sepp Blatter ត្រូវបានតុលាការកីឡា CAS ច្រានចោល ចំពោះបណ្តឹងរបស់លោក ដែលប្តឹងជំទាស់បម្រាម ៦ឆ្នាំមិនឲ្យធ្វើសកម្មភាពអ្វីទាំងអស់ទាក់ទងនឹងកីឡា។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅយប់ថ្ងៃច័ន្ទ ទី៥ ខែធ្នូនេះថា បណ្តឹងរបស់បុរសវ័យ ៨០ឆ្នាំ ជនជាតិស្វីស ត្រូវបាន CAS ច្រានចោល និងមិនសើរើបន្ថែមទៀតទេខណៈបុរសវ័យចំណាស់រូបនេះ គ្មានតួនាទីសំខាន់អ្វីក្នុង FIFA ទៀតនោះ។

ភ្លាមៗនោះដែរ ក្រោយពី CAS ច្រានចោលសំណើរបស់ខ្លួន លោក Sepp Blatter ដែលបានកាន់តំណែងជាប្រធាន FIFA អស់រយៈពេល ១៧ឆ្នាំមកនោះ ក៏បានថ្លែងទៅកាន់អ្នកកាសែតថា «គ្មានអ្វីត្រូវសង្ស័យទៀតនោះទេ ខ្ញុំត្រូវតែទទួលយក ចំពោះការសម្រេចនេះ»

សូមរំលឹកថា ទោសកំហុសរបស់ Sepp Blatter ត្រូវបានគេរកឃើញថា បានឃុបឃិតបន្លំប្រាក់ ១,៣លានផោន ជាមួយអតីតប្រធានកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA លោក Michel Platini កាលពីអំឡុងឆ្នាំ១៩៩៨ និងឆ្នាំ២០០២ ដែលត្រូវបានក្រុមប្រឹក្សាពិន័យ ៨ឆ្នាំដូចគ្នាកាលពីខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ តែក្រោយមក FIFA បន្ថយមកនៅ៦ឆ្នាំ សម្រាប់ Sepp Blatter និង ៤ឆ្នាំសម្រាប់បុរសជនជាតិបារាំង វ័យ៦១ឆ្នាំ Michel Platini៕