Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងកម្លាំងចំរុះដែលមានអាមេរិកជាបងធំ ច្រឡំសម្លាប់ប្រជាជនស្លូតត្រង់ ៥៤នាក់នៅស៊ីរី និងអ៊ីរ៉ាក់ ពីចន្លោះខែមីនា ដល់ខែតុលា

02-12-2016 16:52

(​វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកនៅថ្ងៃសុក្រនេះ បានទទួលស្គាល់ថាការវាយប្រហារ​ តាម​ផ្លូវអាកាសរបស់ក្រុមចំរុះអន្តរជាតិ ដែលទីក្រុងវ៉ាស៊ីនតោនជាក្បាលម៉ាស៊ីន ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS នៅស៊ីរី និងអ៊ីរ៉ាក់បានសម្លាប់ជនស៊ីវិល ៥៤នាក់គិតពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២២ ខែតុលា ដែលនេះបានធ្វើឱ្យចំនួនជនស៊ីវិលស្លាប់កើនដល់ ១៧៣នាក់ គិតចាប់តាំងពីការចាប់ផ្ដើមប្រតិបត្តិការ​យោធានៅឆ្នាំ២០១៤។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន​ស៊ិនហួរ នៅល្ងាចថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងសេចក្ដីថែ្លងរបស់ខ្លួនក្រសួងការពារជាតិអាមេរិកបាននិយាយថា ជនស៊ីវិលជនស៊ីវិលទាំង ៥៤នាក់ បានបាត់បង់ជីវិត ​នៅក្នុងការវាយប្រហារតាម​ផ្លូវអាកាសចំនួន ០៦លើក​នៅក្នុងប្រទេសស៊ីរី និងមួយលើក នៅអ៊ីរ៉ាក់។ ចំណែកឯការវាយប្រហារ​ដែលសម្លាប់ជនស៊ីវិល​ច្រើនជាងគេ គឺបានកើតឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅក្បែរទីក្រុង Manbij ប្រទេសស៊ីរី ពោលគឺជនស៊ីវិល ២៤នាក់បានស្លាប់ និងក្រុមអ្នកប្រយុទ្ធ ISIS ជាង ១០០នាក់ត្រូវបានសម្លាប់ ខណៈរបាយការណ៍បីផ្សេងទៀត ទទួលបានកាលពីខែតុលា កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យនៅឡើយ។

ប៉ុន្តែទោះជាងយ៉ាងនេះក្ដីទីក្រុងវ៉ាស៊ីនតោន នៅអះអាងថាជនស៊ីវិលដែលត្រូវបានសម្លាប់ភាគច្រើន ពួកគេស្ថិតនៅលាយឡំជាមួយនឹង ក្រុមអ្នកប្រយុទ្ធនៅក្នុងតំបន់គ្រប់គ្រងដោយពួក ISIS ជាទីគ្មាន ជនស៊ីវិលណាម្នាក់ត្រូវបានគេប្រទះឃើញ នៅរយៈពេល២៤ម៉ោងមុននឹងមានការវាយប្រហារ។

គួរបញ្ជាក់ថាតួរលេខអ្នកស្លាប់ផ្ដល់ដោយសហរដ្ឋអាមេរិក គឺផ្ទុយទាំងស្រុងទៅនឹងតួរលេខរបស់អង្គការលើក លែងទោសអន្តរជាតិ Amnesty International ដែលបានវាយតម្លៃថាគ្រាន់តែនៅក្នុងប្រទេសស៊ីរី ការវាយ ប្រហារតាមផ្លូវអាកាសចំនួន ១១លើក ពីសំណាក់ក្រុមចំរុះអន្តរជាតិ បានសម្លាប់ជនស៊ីវិលដល់ទៅ ៣០០នាក់ចាប់តាំងពីឆ្នាំ២០១៤មក៕